បរទេស: លោក Mohammad-Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ នៅក្នុងការបង្ហោះមួយនៅលើ X និង Twitter នៅព្រឹកព្រលឹមថ្ងៃសៅរ៍បានចោទប្រធានាធិបតីអាមេរិក លោក Donald Trump ថា បានធ្វើការអះអាងមិនពិតជាច្រើនទាក់ទងនឹងស្ថានភាពនៃច្រកសមុទ្រ Hormuz និងសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់របស់អ៊ីរ៉ង់ ។
យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា លោក Ghalibaf បានសរសេរថា “ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើការអះអាងចំនួនប្រាំពីរក្នុងរយៈពេលមួយម៉ោង ដែលទាំងប្រាំពីរនោះមិនពិត”។ “ពួកគេមិនបានឈ្នះសង្គ្រាមជាមួយនឹងការកុហកទាំងនេះទេ ហើយពួកគេប្រាកដជាមិនទទួលបានលទ្ធផលល្អក្នុងការចរចានោះដែរ”។
លោក Ghalibaf បានជំរុញឱ្យទាំងអស់គ្នា “អានព័ត៌មានពិត និងត្រឹមត្រូវនៃការចរចានៅក្នុងបទសម្ភាសន៍ថ្មីៗនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់” ដែលក្នុងនោះអ្នកនាំពាក្យក្រសួងការបរទេសបានអះអាងថា អ៊ីរ៉ង់នឹងមិនផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់របស់ខ្លួនទៅកន្លែងណាទេ ផ្ទុយពីការអះអាងរបស់លោក Trump កាលពីពេលមុនថា អ៊ីរ៉ង់បានយល់ព្រមធ្វើដូច្នេះ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្លែងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា អ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់នឹងមិនត្រូវបានផ្ទេរទៅកន្លែងណាទេ ហើយការផ្ទេរអ៊ុយរ៉ាញ៉ូមទៅសហរដ្ឋអាមេរិកមិនមែនជាជម្រើសសម្រាប់យើងទេ”។
ប្រែសម្រួល: ណៃ តុលា
