ប្រធានាធិបតីកូរ៉េខាងត្បូង នឹងស្វែងរកការជំរុញដ៏ធំមួយ លើទំនាក់ទំនងសេដ្ឋកិច្ច ក្នុងកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេ ម្យុង នឹងធ្វើកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅទីក្រុងញូវដេលី នៅថ្ងៃចន្ទ ដោយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យខ្លាំងក្លា ជាពិសេសនៅក្នុងវិស័យដូចជាការសាងសង់កប៉ាល់ជាដើម។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មកកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល៨ឆ្នាំ។
លោក លី បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងកិច្ចប្រជុំអាហារពេលល្ងាចជាមួយសមាជិកសហគមន៍កូរ៉េនៅទីក្រុងញូវដេលីថា “កម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូង និងឥណ្ឌា នៅតែស្ថិតក្នុងកម្រិតទាបខ្លាំង”។
លោកថា “ចាប់ពីពេលនេះតទៅ យើងនឹងពង្រីកវិសាលភាពនោះ ហើយធ្វើឱ្យទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងឥណ្ឌាខុសគ្នាទាំងស្រុងពីអ្វីដែលវាមាននៅពេលនេះ”។
យោងតាមទីប្រឹក្សាប្រធានាធិបតី វី ស៊ុងឡាក់ គឺថា ប្រទេសទាំងពីរកំពុងស្វែងរកការកែលម្អកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់ពួកគេ ដោយមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីជិតទ្វេដងដល់ ៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ពីទំហំទឹកប្រាក់ ២៥,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ក្នុងអំឡុងពេលស្នាក់នៅឥណ្ឌា លោក លី ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍អាជីវកម្មជាមួយថ្នាក់ដឹកនាំសាជីវកម្មផងដែរ។ លោក វី បាននិយាយថា វិស័យផ្សេងទៀតដែលប្រទេសនានាអាចធ្វើការរួមគ្នារួមមាន ហិរញ្ញវត្ថុ បញ្ញាសិប្បនិម្មិត និងការពារជាតិ៕
ប្រែសម្រួលៈ ណៃ តុលា
