តម្លៃប្រេងកើនឡើងម្តងទៀត បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅច្រកសមុទ្រ ហ័រមូស
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅដើមដំបូងនៃការជួញដូរកាលពីថ្ងៃអាទិត្យ ដោយសារតែការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានរារាំងនាវាដឹកប្រេងពីការប្រើប្រាស់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកឈូងសមុទ្រពែក្ស ដែលមានសារៈសំខាន់ចំពោះការផ្គត់ផ្គង់ថាមពលពិភពលោក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង 6.4% ដល់ 87.90 ដុល្លារក្នុងមួយបារ៉ែល ។ តម្លៃប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើង 5.8% ដល់ 95.64 ដុល្លារក្នុងមួយបារ៉ែល។
ប្រតិកម្មទីផ្សារបានកើតឡើងបន្ទាប់ពីក្តីសង្ឃឹមដែលបានលើកឡើងជាងពីរថ្ងៃ និងការរំពឹងទុកដែលពាក់ព័ន្ធនឹងច្រកសមុទ្រនេះ បានធ្លាក់ចុះទៅវិញ។ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង 9% នៅថ្ងៃសុក្រ បន្ទាប់ពីអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងបើកច្រកសមុទ្រនេះឡើងវិញទាំងស្រុង ដែលអ៊ីរ៉ង់បានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព សម្រាប់ចរាចរណ៍ពាណិជ្ជកម្ម។
ទីក្រុងតេហេរ៉ង់បានបដិសេធការសម្រេចចិត្តនោះ ដោយកាលពីថ្ងៃសៅរ៍អ៊ីរ៉ង់បានបាញ់ទៅលើនាវាជាច្រើនគ្រឿង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការបិទច្រកសមុទ្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកលើកំពង់ផែអ៊ីរ៉ង់នឹងនៅតែមានប្រសិទ្ធភាព។ នៅថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានវាយប្រហារ និងរឹបអូសកប៉ាល់ដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង ដោយត្រូវបានចោទប្រកាន់ថាបានព្យាយាមគេចពីការបិទផ្លូវនេះ។ យ៉ាងណាក៏ដោយ ខាងបញ្ជាការយោធារួមរបស់អ៊ីរ៉ង់បានសន្យាថានឹងឆ្លើយតបវិញ៕
ប្រែសម្រួលៈ ណៃ តុលា
