ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរបស់មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកមួយគ្រាប់ចូលក្នុងទឹកដីថៃ បណ្តាលឱ្យសន្តិសុខថៃជម្លៀសប្រជាជនបន្ទាន់

បរទេស៖ យន្តហោះយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យមួយដែលដំណើរការដោយសហភាពជាតិការ៉ាន (KNU) នៅជិតព្រំដែនថៃក្នុងខេត្ត ម៉ែហុងសុន កាលពីថ្ងៃអាទិត្យ ដោយមានការធ្លាក់គ្រាប់បែកយ៉ាងហោចណាស់មួយគ្រាប់នៅក្នុងទឹកដីថៃ ដែលជំរុញឱ្យមានការជម្លៀសចេញជាបន្ទាន់។

យោងតាមសារព័ត៌មាន Khaosod Englishចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ០២២៦ថា នៅម៉ោងប្រហែល ១១:០០ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ យន្តហោះចម្បាំង Yak-130 និង MiG-29 របស់កងទ័ពអាកាសមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសដោយកំណត់គោលដៅមន្ទីរពេទ្យ KNU និងតំបន់ស៊ីវិលក្បែរនោះនៅក្នុងឃុំ Bue So រដ្ឋ Kayin ដែលមានចម្ងាយប្រហែល ៥០០ ម៉ែត្រពីព្រំដែនទល់មុខភូមិម៉ែសំឡៀបក្នុងស្រុកសោបមឿយ។

យោងតាមមន្ត្រីសន្តិសុខថៃ គ្រាប់បែកចំនួន៩គ្រាប់ត្រូវបានទម្លាក់នៅក្នុងតំបន់នោះ ប៉ុន្តែវិសាលភាពនៃការខូចខាត និងអ្នកស្លាប់ និងរបួសនៅខាងមីយ៉ាន់ម៉ានៅតែមិនច្បាស់លាស់។

គ្រាប់បែកមួយគ្រាប់បានធ្លាក់នៅខាងថៃតាមបណ្តោយទន្លេ Salween ជិតតំបន់ម៉ែវ៉ាន់ ដែលបង្កឱ្យមានការភ័យស្លន់ស្លោរក្នុងចំណោមប្រជាជនដែលបានរត់គេចខ្លួនពីតំបន់នោះ។

អង្គភាពអនុរក្សថៃ មកពីកងវរសេនាធំលេខ៣៦ ដែលឈរជើងនៅច្រកព្រំដែន មេសំឡៀប បានសម្របសម្រួលជាមួយមន្ត្រីរដ្ឋបាលមូលដ្ឋាន ដើម្បីជម្លៀសប្រជាពលរដ្ឋដែលនៅជិតតំបន់រងផលប៉ះពាល់ ទៅកាន់ភូមិហួយគង់កាដ ដើម្បីសុវត្ថិភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top