ការសង្ស័យលើការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្ទាប់ពីអំពើហិង្សាផ្ទុះឡើងនៅច្រកសមុទ្រហ័រមូស
បរទេស៖ ប៉ាគីស្ថានបានបន្តផែនការនៅថ្ងៃចន្ទជាមួយនឹងការរៀបចំសម្រាប់ការចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនពេលបទឈប់បាញ់ដ៏ផុយស្រួយមួយត្រូវផុតកំណត់ ទោះបីជាជម្លោះឡើងវិញនៅជុំវិញច្រកសមុទ្រហ័រមូសបានបង្កើនសំណួរអំពីថាតើកិច្ចប្រជុំនេះនឹងកើតឡើងឬអត់។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា កាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិកបានវាយប្រហារ និងរឹបអូសនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ដែលខ្លួនបាននិយាយថា បានព្យាយាមគេចពីការបិទផ្លូវកំពង់ផែអ៊ីរ៉ង់របស់ខ្លួន។ បញ្ជាការយោធារួមរបស់អ៊ីរ៉ង់បានសន្យាថា នឹងឆ្លើយតបវិញ ហើយរដ្ឋមន្ត្រីការបរទេសរបស់អីរ៉ង់ លោក Abbas Aragchi បានប្រាប់សមភាគីប៉ាគីស្ថានថា ការគំរាមកំហែងរបស់អាមេរិកចំពោះនាវា និងកំពង់ផែអ៊ីរ៉ង់គឺជា “សញ្ញាច្បាស់លាស់” នៃភាពមិនស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោន មុនការចរចាដែលបានគ្រោងទុក, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។
ដោយសារភាពតានតឹងកំពុងកើនឡើង និងបទឈប់បាញ់ដែលគ្រោងនឹងផុតកំណត់នៅពាក់កណ្តាលសប្តាហ៍ ប៉ាគីស្ថានបានពង្រឹងទំនាក់ទំនងការទូតជាមួយទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយមានគោលដៅបន្តការចរចានៅថ្ងៃអង្គារតាមការគ្រោងទុក នេះបើយោងតាមមន្ត្រីប៉ាគីស្ថានពីរនាក់ដែលពាក់ព័ន្ធនឹងការរៀបចំ។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់សារព័ត៌មាន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ្នកចរចាអាមេរិកនឹងធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប៉ាគីស្ថាននៅថ្ងៃចន្ទ ប៉ុន្តែមិនទាន់ច្បាស់ភ្លាមៗថាតើផែនការទាំងនោះនឹងផ្លាស់ប្តូរឬអត់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
