លំនឹងយុថ្កាសន្តិភាពសកល តាមរយៈប្រាជ្ញាចិនស្តីពី គំនិតផ្តួចផ្តើមសន្តិសុខសកល
ក្នុងបរិបទនយោបាយអន្តរជាតិសម័យទំនើប ដែលកំពុងប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាច និងការកើនឡើងនៃជម្លោះតំបន់ និងពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានស្នើឡើងដោយប្រទេសចិនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ត្រូវបានក្លាយជាគោលនយោបាយសំខាន់មួយក្នុងការបង្ហាញចក្ខុវិស័យរបស់ចិនចំពោះសណ្តាប់ធ្នាប់សន្តិសុខអន្តរជាតិ។ ក្នុងរយៈពេល៤ឆ្នាំ គំនិតផ្តួចផ្តើមដ៏មានឧត្តមានុភាពនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចូលរួមការទូតរបស់ចិនក្នុងការសម្របសម្រួលជម្លោះ និងការលើកកម្ពស់ពហុភាគីនិយម ដោយសង្កត់ធ្ងន់លើសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពជាសកល។
គំនិតផ្តួចផ្តើមសន្តិសុខសកលផ្អែកលើគោលការណ៍ស្នូលមួយចំនួនដែលចិនបានបញ្ជាក់ថាជាមូលដ្ឋាននៃសន្តិសុខអន្តរជាតិថ្មី។ ទី១-ការគោរពអធិបតេយ្យរដ្ឋ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ ទី២- ការបដិសេធការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងក្នុងការដោះស្រាយវិបត្តិ។ ទី៣-ការជំរុញការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី និងការចរចា។ ទី៤-ការគាំទ្រពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល ស្នូលនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ជាសច្ចភាព ប្រទេសចិនបានប្រើយន្តការអន្តរការីតាមរយៈការទូតពហុភាគី និង ទ្វេភាគី ដោយផ្អែកលើគោលការណ៍ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» និង «កិច្ចសហការឈ្នះ-ឈ្នះ»។ តួនាទីរបស់ប្រទេសចិនក្នុងការសម្របសម្រួលជម្លោះត្រូវបានបង្ហាញតាមរយៈការចូលរួមក្នុងអង្គការសហប្រជាជាតិ ការផ្តល់សំណើសន្តិភាព ការធ្វើជាម្ចាស់ផ្ទះកិច្ចចរចា និងការប្រើឥទ្ធិពលសេដ្ឋកិច្ចជាឧបករណ៍ទូតសន្តិភាព។ ជាក់ស្តែង នៅក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក្នុងឆ្នាំ២០២៥កន្លងមក ប្រទេសចិនបានដើរតួនាទីនៅក្នុងកម្រិតសកល និងទទួលខុសត្រូវក្នុងនាមជាមហាអំណាចនៅក្នុងតំបន់ ដោយគោរពបានគុណតម្លៃរួមរបស់តំបន់និងពិភពលោកក្នុងការលើកទឹកចិត្តដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ) ទទួលនិងអនុវត្តឱ្យមានស័ក្តិសិទ្ធិ ភាពលើការកសាងសន្តិភាព និងថែរក្សាសន្តិភាពឱ្យយូរអង្វែង ហើយធានាជូនសមភាគីទាំងពីរ ក្នុងការពិភាក្សា និងសហការជាដៃគូរួមគ្នា ដើម្បីស្ថាបនាទំនុកចិត្តរវាងគ្នា និងគ្នាឡើងវិញ។
អង្គការសហប្រជាជាតិដើរតួនាទីជាស្នូលក្នុងចក្ខុវិស័យសន្តិសុខសកលរបស់ចិន ដោយក្នុងនាមជាហត្ថលេខីដំបូង នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិនបានបង្ហាញការគាំទ្រចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ។ ដោយចាក់បញ្ចូលនូវគំនិតផ្តួចផ្តើមសន្តិសុខសកល ប្រទេសចិនក៏បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនិងគាំទ្រការដោះស្រាយវិបត្តិជាសកលតាមរយៈស្ថាប័នអន្តរជាតិ ដែលបានធ្វើឱ្យអង្គការសហប្រជាជាតិបន្តមានតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពអស់រយៈពេលជាង៨០ឆ្នាំ។ បន្ថែមពីលើនេះ សន្តិសុខcyber ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថិរភាពសន្តិភាពសកល ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត អាចប៉ះពាល់ដល់សេដ្ឋកិច្ច ប្រព័ន្ធហិរញ្ញវត្ថុ សន្តិសុខជាតិ និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមសន្តិសុខសកលដែលចូលដល់វ័យ៤ឆ្នាំនេះបាននិងកំពុង បន្តលើកទឹកចិត្តឱ្យប្រទេសទាំងឡាយរួមគ្នាជាមួយប្រទេសចិនក្នុងកិច្ចសហការគ្នាក្នុងការការពារព័ត៌មាន ការបង្កើតច្បាប់អន្តរជាតិ និងការបង្កើតទំនុកចិត្តក្នុងលំហcyber។
សកលលោកពិតជាមិនអាចបដិសេធបានថា ការចូលរួមរបស់ប្រាជ្ញាចិនស្តីពី«គំនិតផ្តួចផ្តើមសន្តិសុខសកល»ក្នុងរយៈពេល៤ឆ្នាំមកនេះពិតជាបានបន្ថែមវេទិកាសម្រាប់ការពិភាក្សា និងការស្វែងរកដំណោះស្រាយសន្តិភាពក្នុងជម្លោះអន្តរជាតិ ដោយសហគមន៍អន្តរជាតិយល់ស្របជាមួយប្រទេសចិនដែលតែងបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសទាំងអស់ដោយផ្អែកលើមូលដ្ឋាន«គោលការណ៍៥ខ»នៃការរួមរស់នៅដោយសន្តិវិធី ព្រមទាំងការប្តេជ្ញាចិត្តរបស់ចិនចំពោះពហុភាគីនិយមដែលជាវិធានដ៏មានភាពស័ក្តិសិទ្ធមួយដើម្បីសម្រេចឲ្យបាននូវសន្តិភាពនិងការអភិវឌ្ឍក្រោមទម្រដ៏រឹងមាំនៃការគោរពច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹងដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាគោល។ ទោះយ៉ាងណា សន្តិសុខមិនមែនឱបដៃឈរមើលទេ គឺយើងត្រូវពួតដៃគ្នាប្រកបដោយភក្តីភាព និងទំនួលខុសត្រូវរួមជាមួយប្រទេសចិន ដើរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅមុខដោយធានាថាគ្រប់ភាគីរួមរស់ជាមួយគ្នាដោយសុខដុមរមនា និងការអភិវឌ្ឍឈ្នះ-ឈ្នះ។
ជារួម ក្នុងរយៈពេល៤ឆ្នាំនៃការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល ប្រទេសចិនបានព្យាយាមរួមគ្នាជាមួយបណ្តាប្រទេសនានា បង្កើនភាពជាអ្នកគាំទ្រសន្តិភាព ពហុភាគីនិយម និងការអភិវឌ្ឍសកលតាមរយៈកិច្ចសហការឈ្នះ-ឈ្នះ ហើយដោយផ្អែកលើសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម នោះគំនិតផ្តួចផ្តើមសន្តិសុខសកលបាននិងកំពុង ក្លាយជាត្រីវិស័យចង្អុលទិសដ៏ត្រឹមត្រូវបំផុតនៃការបង្ហាញចក្ខុវិស័យរួមគ្នាជាមួយប្រទេសចិនចំពោះសណ្តាប់ធ្នាប់សន្តិសុខពិភពលោកក្នុងសតវត្សរ៍ទី២១ដោយរួមគ្នាជ្រោងទង់«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»៕
ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ|ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
