ព័ត៌មានអន្តរជាតិ

លោក Ding Xuexiang  ឧបនាយករដ្ឋមន្ត្រីចិន​ជួបសន្ទនាជាមួយលោក​ Gurbankuly ​ Berdymuhammedov  មេដឹកនាំ​ជន​ជាតិ​នៃ​តួកម៉េនីស្ថាន​​​

ថ្ងៃទី ១៥ ខែមេសា  នៅទីក្រុងអាសហ្កាបាត​  ​លោក Ding Xuexiang  ឧបនាយករដ្ឋមន្ត្រីចិន​បាន​ជួបសន្ទនា​ជាមួយលោក​ Gurbankuly ​ Berdymuhammedov  មេដឹកនាំ​ជន​ជាតិ​តួកម៉េនី​ស្ថាន​​ ​និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រជាជនតួកម៉េនីស្ថាន​​។

លោក Ding Xuexiang បាន​ថ្លែងថា  ​​ក្រោម​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ​របស់​លោក Xi Jinping  ប្រធានរដ្ឋចិន​និង​លោក​ Berdymuhammedov  ​ទំនាក់ទំនង​រវាង​ចិន​និង​តួកម៉េនីស្ថាន​​ទទួល​បាន​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស​និង​ប្រកបដោយស្ថិរភាព​​។ ​​កិច្ចសហប្រតិបត្តិការ​ផ្នែក​​ឧស្ម័ន​ធម្មជាតិ​​ជា​គំរូ​​នៃ​ការផ្តល់ផលប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ​នៃ​ទំនាក់ទំនង​ចិន​-​តួកម៉េនីស្ថាន​​  ​​​ដែល​បាន​​​រីកចម្រើន​យ៉ាង​​រលូន​​និង​ទទួលបាន​សមិទ្ធផល​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ  ​​។   ​​

ភាគី​ទាំងពីរ​គួរ​​យកចិត្តទុកដាក់​​កាន់តែខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​​ឧស្ម័នធម្មជាតិ​​  ​តាម​មុំ​​នៃ​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​និង​ផល​ប្រយោជន៍​​វែងឆ្ងាយ​ គួរ​ពន្លឿន​​ការកសាង​​គម្រោងសំខាន់​ៗ  ​​បន្ត​ពង្រីក​ទ្រង់ទ្រាយ​នៃ​កិច្ចសហប្រតិបត្តិការ  ​ដើម្បី​​បន្ត​លើកកម្ពស់​​ប្រសិទ្ធភាព​និង​គុណភាព​នៃ​កិច្ចសហប្រតិបត្តិការ​ថាមពល​។ ​​​ព្រម​ជាមួយ​គ្នានេះ  ​គួរ​បង្កើន​​​កិច្ចសហប្រតិបត្តិការ​​ក្នុង​​វិស័យ​​ថាមពល​​សូឡា​  ​ថាមពល​វាយោ​អគ្គិសនី   ​រថយន្ត​អគ្គិសនី​ និង​​បញ្ញាសិប្បនិម្មិត​ជាដើម។

ជាការឆ្លើយតប ​​លោក Gurbankuly  Berdymuhammedov   បាន​ថ្លែងថា ​  ដំណើរទស្សនកិច្ចរបស់​ខ្ញុំ​​នៅចិន​​កាលពីខែ​មីនា​កន្លងទៅ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​​ជាក់ស្តែង​ ​​​និង​បន្សល់​ទុក​នូវ​​​អនុស្សាវរីយ៍​​ដ៏​ល្អ​។ ​​ភាគី​តួកម៉េនីស្ថាន​​គោរព​គោលការណ៍​ចិនមួយ​ ​​មានឆន្ទៈ​​បង្កើន​​ការតភ្ជាប់​​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​​​ជាមួយ​ភាគីចិន​ ​​ដើម្បី​ពង្រីក​លំហ​សហប្រតិបត្តិការ​ថាមពល​ឱ្យ​កាន់តែ​សកម្ម​។ ​ភាគី​តួកម៉េនីស្ថាន​ក៏មានឆន្ទៈ​ធ្វើ​​ការ​ជាមួយ​ភាគីចិន​ ដើម្បី​​គាំពារ​វិបុលភាព​​ ​វឌ្ឍនភាព​ក្នុងតំបន់​និង​សន្តិភាពនិងស្ថិរភាព​នៃ​ពិភពលោក៕

To Top