បរទេស៖ យ៉ាងហោចណាស់ពលរដ្ឋអ៊ីស្រាអែលចំនួន ៤០ នាក់ត្រូវបានឃុំខ្លួន ហើយក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីមកដល់អាកាសយានដ្ឋានមូស្គូពីទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យ , នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេស បន្ទាប់ពីរបាយការណ៍របស់រុស្ស៊ីអំពីហេតុការណ៍នេះ។
យោងតាមសារព័ត៌មាន The Times Of Israel ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា អ្នកដំណើរទាំងនោះត្រូវបានគេរាយការណ៍ថាត្រូវបានឃុំខ្លួនដោយសង្ស័យថាមានទំនាក់ទំនងជាមួយសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់រុស្ស៊ីគឺអ៊ីរ៉ង់។ កងកម្លាំងសន្តិសុខនៅអាកាសយានដ្ឋាន Domodedovo ត្រូវបានគេរាយការណ៍ថា បានសង្កត់ធ្ងន់ទៅកាន់អ្នកជាប់ឃុំទាំងនោះថា អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយអ្នកណាដែលជាសត្រូវរបស់អ៊ីរ៉ង់ក៏ជា “សត្រូវរបស់យើងដែរ”។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “ភ្លាមៗបន្ទាប់ពីបានដឹងអំពីហេតុការណ៍នេះ តាមការណែនាំរបស់រដ្ឋមន្ត្រីការបរទេស Gideon Sa’ar ក្រសួងការបរទេសបានធ្វើសកម្មភាពទាំងជាមួយក្រសួងការបរទេសនៅទីក្រុងមូស្គូ និងជាមួយស្ថានទូតរុស្ស៊ីនៅអ៊ីស្រាអែល”។
ក្រសួងបានបន្ថែមថា “បន្ទាប់ពីអន្តរាគមន៍នេះ ហេតុការណ៍នេះត្រូវបានដោះស្រាយ ហើយការចូលរបស់ជនជាតិអ៊ីស្រាអែលត្រូវបានអនុម័ត។ រុស្ស៊ីត្រូវបានធ្វើឱ្យយល់ថា អាកប្បកិរិយានេះគឺមិនអាចទទួលយកបានទាំងស្រុង ហើយអ៊ីស្រាអែលមើលឃើញហេតុការណ៍នេះដោយភាពធ្ងន់ធ្ងរ”៕
ប្រែសម្រួលៈ ណៃ តុលា
