ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក បន្តវត្តមាននៅទីក្រុងវ៉ាស៊ិនតោននៅឡើយ ខណៈជុំបន្ទាប់នៃកិច្ចចរចាសន្តិភាព ត្រៀមរៀបចំទៅហើយ

បរទេស៖ ទីភ្នាក់ងារចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអនុប្រធានាធិបតី JD Vance ដែលរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់កិច្ចពិភាក្សាថ្មីជាមួយអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ នៅតែស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោននៅលើយ គិតត្រឹមថ្ងៃអង្គារនៅពេលថ្ងៃត្រង់។

ប្រភពដដែលបានសរសេរទៀតថាព័ត៌មាននេះបានបង្កទៅជាការការសង្ស័យថាតើកិច្ចព្រមព្រៀងសន្តិភាពអាចឈានដល់រវាងភាគីទាំងពីរមុនពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ផុតកំណត់ឬអត់។

ដំណើររបស់លោក Vance ត្រូវបានផ្អាក ហើយគាត់បានចូលរួមក្នុងកិច្ចប្រជុំគោលនយោបាយនៅឯសេតវិមាននៅព្រឹកថ្ងៃអង្គារ សារព័ត៌មានជាច្រើនរបស់សហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសេតវិមាន។

បើគ្មានការឆ្លើយតបពីអ៊ីរ៉ង់ទេ ដំណើរការការទូតនឹងត្រូវផ្អាកជាធរមាន ទោះបីជាដំណើររបស់លោក Vance មិនត្រូវបានលុបចោលក៏ដោយ នេះបើយោងតាមរបាយការណ៍ពីកាសែត The New York Times ដែលដកស្រង់សម្តីមន្ត្រីអាមេរិក។

គួរឲ្យដឹងដែរថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃអង្គារ ម៉ោងក្នុងស្រុកថា ក្រុងតេហរ៉ង់មិនទាន់សម្រេចចិត្តថាតើត្រូវចូលរួមកិច្ចចរចាសន្តិភាពថ្មីទេ ចាប់តាំងពីវាខកចិត្តចំពោះអ្វីដែលលោកបានហៅសារចម្រុះពីទីក្រុងវ៉ាស៊ីនតោនកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top