លោក អានុទីន នាយករដ្ឋមន្រ្តីថៃព្រមានថា ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាមិនត្រូវប៉ះពាល់ដល់ប្រទេសថៃឡើយ ក្រោយពីគ្រាប់ផ្លោងធ្លាក់ចូលដីថៃ
បរទេស៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថៃ លោក អនុទីន ឆាន់វីរៈគុល នៅថ្ងៃពុធ បានសម្តែងការព្រួយបារម្ភចំពោះប្រជាជនថៃតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយព្រមានថា ការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនមិនត្រូវរាលដាលដល់ប្រទេសថៃឡើយ។
យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ថ្លែងនៅម៉ោង ១០:១០ នៅក្រសួងមហាផ្ទៃ លោក អនុទីន បាននិយាយថា កិច្ចប្រជុំធម្មតាមួយបានចេញសេចក្តីណែនាំជាច្រើនស្តីពីការគ្រប់គ្រងសន្តិសុខព្រំដែន ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបាននិយាយថា លោកមានការព្រួយបារម្ភអំពីស្ថានភាពគ្រប់ទិដ្ឋភាពទាំងអស់។
នៅពេលសួរអំពីប្រជាជនថៃដែលរងផលប៉ះពាល់ដោយការធ្លាក់គ្រាប់នៅលើដីថៃ លោក អនុទីន បាននិយាយថា អាជ្ញាធរកំពុងឆ្លើយតបតាមរយៈគ្រប់មធ្យោបាយដែលមាន រួមទាំងការចូលរួមការទូត និងវិធានការដើម្បីធានាសុវត្ថិភាពសាធារណៈ។
លោកអានុទីនបាននិយាយថា អាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា ឧប្បត្តិហេតុទាំងនេះគឺជាផ្នែកមួយនៃការប្រយុទ្ធគ្នាផ្ទៃក្នុង មិនមែនជាការរំលោភដោយចេតនាលើទឹកដីថៃទេ។
ប៉ុន្តែយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីថៃរូបនេះថា យើងមិនទទួលយករឿងនេះទេ។ បើមានការប្រយុទ្ធគ្នាត្រូវនៅខាងគេ។ ប្រទេសថៃមិនត្រូវរងការប៉ះពពាល់ឡើយ»។
ប្រែសម្រួល: ណៃ តុលា
