ព័ត៌មានអន្តរជាតិ

នាវា៣គ្រឿង រងការបាញ់ប្រហារ នៅច្រកសមុទ្រហ័រមូស ប៉ុន្តែ ក្រុមនាវិកមានសុវត្ថិភាព

បរទេស៖ ប្រភពពីប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយថា យ៉ាងហោចណាស់មាននាវាដឹកកុងតឺន័រចំនួន៣គ្រឿង បានរងការវាយប្រហារ នៅច្រកសមុទ្រហ័រមូស នៅថ្ងៃពុធនេះ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានដាក់កម្រិតលើនាវាដែលប្រើប្រាស់ច្រកសមុទ្រនេះ ដំបូងឡើយជាការសងសឹក ចំពោះការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលមកលើប្រទេសនេះ ហើយបន្ទាប់មកជាការឆ្លើយតប ទៅនឹងការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក។

នាវាដឹកកុងតឺន័រ ដែលមានទង់ជាតិលីបេរីយ៉ាមួយគ្រឿងបានរងការខូចខាត បន្ទាប់ពីត្រូវបានវាយប្រហារដោយការបាញ់ប្រហារ និងគ្រាប់បែកដៃ ដែលបាញ់ដោយរ៉ុក្កែតនៅភាគឦសាននៃប្រទេសអូម៉ង់។

UKMTO បាននិយាយថា មេបញ្ជាការនាវាបានរាយការណ៍ថា ត្រូវបានទូកបំពាក់កាំភ្លើងធំរបស់កងទ័ពអ៊ីរ៉ង់ ចូលទៅជិត។ មេបញ្ជាការនាវាបាននិយាយថា ត្រូវបានបាញ់ប្រហារ ជាបន្តបន្ទាប់ ប៉ុន្តែសមាជិកនាវិកទាំងអស់មានសុវត្ថិភាព ហើយមិនមានអគ្គីភ័យ ឬផលប៉ះពាល់បរិស្ថាន ដោយសារតែឧប្បត្តិហេតុនេះទេ។

ប្រភពសន្តិសុខសមុទ្របាននិយាយថា មនុស្សបីនាក់នៅលើទូកកាំភ្លើងធំនោះ។ កាពីទែនកប៉ាល់ដឹកកុងតឺន័រដែលដំណើរការដោយប្រទេសក្រិក ក៏បានរាយការណ៍ផងដែរថា មិនមានការទាក់ទងតាមវិទ្យុណាមួយត្រូវបានធ្វើឡើងមុនពេលកើតហេតុនោះទេ ហើយថា កប៉ាល់នេះត្រូវបានជូនដំណឹងដំបូងថា ខ្លួនមានការអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។
ប្រែសម្រួលៈ ណៃ តុលា

To Top