ក្រសួងការបរទេសអាមេរិក ជំរុញឱ្យជនជាតិអាមេរិកទាំងអស់ ចាកចេញពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបើកដែនអាកាសឡើងវិញ
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃពុធបានជំរុញឱ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ចាកចេញបន្ទាប់ពីប្រទេសនៅមជ្ឈិមបូព៌ាបានបើកដែនអាកាសរបស់ខ្លួនឡើងវិញដោយផ្នែក។
នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការិយាល័យកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសបានជំរុញឱ្យជនជាតិអាមេរិកតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្រាប់ព័ត៌មានថ្មីៗ និងទាក់ទងក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម សម្រាប់ព័ត៌មានអំពីជើងហោះហើរចេញប្រទេសនេះ។
សេចក្តីណែនាំនេះបានកត់សម្គាល់ថាពលរដ្ឋអាមេរិកក៏អាចចេញដំណើរតាមផ្លូវគោកទៅកាន់ប្រទេសអាមេនី អាស៊ែបៃហ្សង់ តួកគី និងតូមេនីស្ថានផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក បានព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឬតំបន់ព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់។
អ៊ីរ៉ង់ បានបិទដែនអាកាសរបស់ខ្លួនបន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។
ប្រទេសនេះបានបើកដែនអាកាសភាគខាងកើតរបស់ខ្លួនឡើងវិញ សម្រាប់ជើងហោះហើរអន្តរជាតិនៅថ្ងៃសៅរ៍ ដោយបើកផ្លូវសម្រាប់ការបន្តប្រតិបត្តិការអាកាសយានដ្ឋានឡើងវិញដោយផ្នែក។
នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ ស្ថានីយ៍ផ្សាយព័ត៌មានរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ ដែលបានឧ្យដឹងថា ដែនអាកាសរបស់ប្រទេសនេះនឹងត្រូវបើកឡើងវិញជា ៤ដំណាក់កាល៕
ប្រែសម្រួល ឈូក បូរ៉ា
