ព័ត៌មានអន្តរជាតិ

​ សមាជិកព្រឹទ្ធសភា ហ្វីលីពីន​ រិះគន់សេចក្តីសម្រេច របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើយុត្តាធិការសំណុំរឿងរបស់លោកឌូទើតេ

ម៉ានីល៖ សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី អ៊ីមី ម៉ាកូស បានរិះគន់សេចក្តីសម្រេច របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលគាំទ្រយុត្តាធិការក្នុងសំណុំរឿង ដែលពាក់ព័ន្ធនឹងអតីតប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ លោកស្រី ម៉ាកូស បាននិយាយថា សេចក្តីសម្រេចនេះ “មិនអើពើនឹងការដកខ្លួន ចេញពីលក្ខន្តិកៈទីក្រុងរ៉ូមរបស់ហ្វីលីពីន”។

លោកស្រីបានបន្ថែមថា “យុត្តិធម៌ត្រូវតែត្រូវបានបន្តតាមរបៀប​ ដែលស្របតាមរដ្ឋធម្មនុញ្ញរបស់យើង ច្បាប់របស់យើង និងភាពសុចរិត នៃដំណើរការតុលាការរបស់យើង”។

សភាឧទ្ធរណ៍របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានគាំទ្រយុត្តាធិការរបស់តុលាការលើសំណុំរឿងរបស់លោក​ ឌូទើតេ ដោយបញ្ជាក់ពីសេចក្តីសម្រេចមុននេះដោយសភាមុនការជំនុំជម្រះ ចុះថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៥។ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានអះអាងថា ខ្លួនមានសិទ្ធិអំណាចលើសំណុំរឿងនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top