ព័ត៌មានអន្តរជាតិ

ចិន បង្កើនជើងហោះហើរត្រង់ ទៅកាន់ប្រទេសឥណ្ឌា ចំពេលមានទំនាក់ទំនងកាន់ តែកក់ក្តៅរវាងប្រទេសអាស៊ីទាំងពីរ

បរទេស៖ ប្រទេសចិនបានបង្កើនជើងហោះហើរ ត្រង់របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា ចំពេលមានទំនាក់ទំនងកាន់តែកក់ក្តៅរវាងប្រទេសអាស៊ី ។ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយយោងតាមរបាយការណ៍របស់ Global Timesថា ថ្ងៃអង្គារ ក្រុមហ៊ុនអាកាសចរណ៍ Air China នឹងបន្តសេវាកម្មផ្ទាល់របស់ខ្លួនរវាងទីក្រុងប៉េកាំង និងទីក្រុងដេលី របស់ឥណ្ឌា។

ជើងហោះហើរត្រង់ពីទីក្រុងប៉េកាំង-ទីក្រុងដេលី គឺជាផ្លូវទីពីរទៅកាន់ប្រទេសឥណ្ឌា ដែលបានចាប់ផ្តើមឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ចិន ក្នុងរយៈពេលតិចជាងមួយសប្តាហ៍។

ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានចាប់ផ្តើមសេវាកម្មផ្ទាល់របស់ខ្លួនឡើងវិញរវាងទីក្រុងគុនមីង ក្នុងខេត្តយូណាន ភាគនិរតីប្រទេសចិន និងទីក្រុងកូលកាតា ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែមេសា។

យន្តហោះ Airbus A330 នឹងដំណើរការជើងហោះហើរពីទីក្រុងប៉េកាំង-ដេលី ជាមួយនឹងសេវាកម្មដែលមាននៅថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។

តម្លៃសំបុត្រវិញ គឺចាប់ផ្តើមពី ៥២៣ ដុល្លារ ជាមួយនឹងជើងហោះហើរចាកចេញពីរដ្ឋធានីចិននៅម៉ោង ៣:១៥ រសៀល និងមកដល់ទីក្រុងដេលីនៅម៉ោង ៨:២០ យប់ ម៉ោងក្នុងស្រុក។

ជើងហោះហើរពីទីក្រុងកូលកាតា របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern គឺជាការពង្រីកសេវាកម្មចុងក្រោយបំផុត របស់ក្រុមហ៊ុនអាកាសចរណ៍ រវាងប្រទេសចិន និងប្រទេសឥណ្ឌា បន្ទាប់ពីការបន្តឡើងវិញនៃផ្លូវសៀងហៃ-ដេលី ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។
ប្រែសម្រួលៈ ណៃ តុលា

To Top