អ៊ីរ៉ង់ថា បានត្រៀមខ្លួនរួចហើយ ទាំងសម្រាប់ការប្រយុទ្ធ និងការចរចា
បរទេស៖ អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែអ៊ីរ៉ង់ ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ដើម្បីបន្តប្រយុទ្ធ នេះបើតាមការលើកឡើង របស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំទីក្រុងមូស្គូ លោក Kazem Jalali បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខ មួយជាមួយ RT ដោយអះអាងថា សាធារណរដ្ឋអ៊ីស្លាមមិនដែលជាភាគីដែលបោះបង់ចោលផ្នែកការទូតនោះទេ ទោះបីជាមានការចាក់ពីក្រោយ ខ្នងម្តងហើយម្តងទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា លោក Jalali បានប្រាប់ RT កាលពីថ្ងៃព្រហស្បតិ៍ថា “គោលនយោបាយទូទៅ របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺថា ប្រសិនបើភាគីម្ខាងទៀតមានឆន្ទៈចរចា យើងនឹងចរចា ហើយប្រសិនបើពួកគេចង់បានសង្គ្រាម យើងនឹងប្រយុទ្ធ”។
ឯកអគ្គរដ្ឋទូតរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងតេហេរ៉ង់មិនដែល “ក្បត់” ឬ ចាកចេញពីតុចរចាទេ ដែលផ្ទុយពីឥរិយាបថរបស់ទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
លោក Kazem Jalali ថា “នៅក្នុងកំណត់ត្រារបស់ប្រធានាធិបតីអាមេរិក មានការហែកចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ហើយមានការវាយប្រហារពីរលើកប្រឆាំងនឹងយើង ខណៈពេលដែលការចរចាកំពុងដំណើរការ”។
សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងពង្រីកបទឈប់បាញ់ ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់ ខណៈដែលកំពុងរង់ចាំអ្វីដែលលោកហៅថា “ការឆ្លើយតបរួម” ចំពោះកិច្ចព្រមព្រៀងរបស់លោកពីទីក្រុងតេហេរ៉ង់ ដោយពណ៌នាអំពីថ្នាក់ដឹកនាំអ៊ីរ៉ង់ថាមានការបែកបាក់ និងចុះខ្សោយយ៉ាងខ្លាំង៕
ប្រែសម្រួលៈ ណៃ តុលា
