អាមេរិកប្រកាសផ្តល់រង្វាន់ ១០ លានដុល្លារ សម្រាប់ព័ត៌មានដែលអាចនាំទៅដល់ការចាប់ខ្លួនមេដឹកនាំ “ក្រុមភេរវករ” ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់
បរទេស៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់រង្វាន់ ១០ លានដុល្លារ សម្រាប់ព័ត៌មានណាមួយដែលអាចនាំទៅដល់ការចាប់ខ្លួនលោក Hashim Finyan Rahim al-Saraji ហៅ Abu Waala al Wa’eli ដែលជាមេដឹកនាំនៃ “ក្រុមភេរវករ” ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Wa’eli គឺជាអគ្គលេខាធិការ ដែលជាកងជីវពលអ៊ីរ៉ាក់ និងមានសម្ព័ន្ធភាពជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា ការប្រកាសនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានបង្កើនសម្ពាធលើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីលើកទឹកចិត្តទីក្រុងបាកដាដឱ្យតែងតាំងនាយករដ្ឋមន្ត្រីថ្មីម្នាក់ ដែលទីបំផុតអាចសម្រេចចិត្តធ្វើបន្ថែមទៀតដើម្បីទប់ស្កាត់កងជីវពល។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កងជីវពលនេះបានធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំង និងអ្នកការទូតអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្នុងអំឡុងពេលសង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់ កងជីវពលនេះបានបង្កើនការវាយប្រហាររបស់ពួកគេ ដោយបានធ្វើការវាយប្រហារជិត ១០០០ ដង រួមទាំងការវាយប្រហារប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតផងដែរ។
សេចក្តីថ្លែងការណ៍ពីកម្មវិធីរង្វាន់សម្រាប់យុត្តិធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ក្រុមនេះទទួលខុសត្រូវចំពោះការសម្លាប់ជនស៊ីវិលអ៊ីរ៉ាក់ និងវាយប្រហារទីតាំង និងបុគ្គលិកការទូតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ក្រសួងការបរទេសអាមេរិកបាននិយាយថា អ្នកដែលផ្តល់ព័ត៌មាន «អាចមានសិទ្ធិទទួលបានការផ្លាស់ទីលំនៅ និងរង្វាន់»៕
ប្រែសម្រួលៈ ណៃ តុលា
