លោក ដូណាល់ ត្រាំ លុបចោលដំណើរទស្សនកិច្ចរបស់តំណាងអាមេរិក ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សាជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានលុបចោលដំណើរទស្សនកិច្ចរបស់តំណាងសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីជួបជាមួយភាគីអ៊ីរ៉ង់។
លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ជះខ្ជាយពេលវេលាច្រើនពេកលើការធ្វើដំណើរ និងការងារច្រើនពេក! ក្រៅពីនេះ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការភាន់ច្រឡំនៅក្នុង ‘ភាពជាអ្នកដឹកនាំ’ របស់ពួកគេ។ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវទេ រួមទាំងពួកគេផងដែរ”។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក៏បានអះអាងផងដែរថា “យើងមានសន្លឹកបៀទាំងអស់ ពួកគេគ្មានទេ” ដោយបន្ថែមថា “ប្រសិនបើពួកគេចង់និយាយ អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែទូរស័ព្ទទៅបានហេីយ”។
មុននេះបន្តិចនៅថ្ងៃសៅរ៍ លោក ត្រាំ បានប្រាប់ Fox News ថា លោកបានលុបចោលដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់កូនប្រសាររបស់លោក គឺលោក Jared Kushner និងបេសកជនពិសេសលោក Steve Witkoff ទៅកាន់ប្រទេសប៉ាគីស្ថាន។
នៅក្នុងបទសម្ភាសន៍នោះ លោក ត្រាំ បានអះអាងថា វាមិនសមនឹងឲ្យគណៈប្រតិភូអាមេរិកធ្វើការហោះហើររយៈពេល ១៨ម៉ោងទៅកាន់ប្រទេសប៉ាគីស្ថាននោះទេ ខណៈដែលសហរដ្ឋអាមេរិក មានអំណាចគ្រប់យ៉ាងនៅក្នុងជម្លោះជាមួយអ៊ីរ៉ង់។
លោកបានបន្ដថា “យើងមានអំណាចគ្រប់យ៉ាង។ ពួកគេអាចទូរស័ព្ទមកយើងនៅពេលណាដែលពួកគេចង់បាន ប៉ុន្តែអ្នកនឹងមិនធ្វើការហោះហើររយៈពេល ១៨ម៉ោងទៀត ដើម្បីអង្គុយនិយាយរឿងឥតប្រយោជន៍នោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
