តម្លៃប្រេងបន្តកើនឡើងជិត ២% ខណៈដែលការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជាប់គាំង
បរទេស៖ តម្លៃប្រេងបានបន្តកើនឡើង នៅថ្ងៃចន្ទ ដោយកើនឡើងជិត ២% ខណៈដែលការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជាប់គាំង ខណៈពេលដែលការដឹកជញ្ជូន ឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានកម្រិត ដែលរក្សាការផ្គត់ផ្គង់ប្រេងសកលឱ្យតឹងតែង។
យោងតាមសារព័ត៌មាន THE ECONOMIC TIMES ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានកើនឡើង ២,១៦ ដុល្លារ ឬ ២,០៥% ដល់ ១០៧,៤៩ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៧ ខែមេសា ហើយប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ៩៦,១៧ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១,៧៧ ដុល្លារ ឬ ១,៨៨%។
កាលពីសប្តាហ៍មុន ប្រេង Brent និង WTI បានកើនឡើងជិត ១៧% និង ១៣% រៀងគ្នា ដែលជាការកើនឡើង ប្រចាំសប្តាហ៍ដ៏ធំបំផុត ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។
ក្តីសង្ឃឹម នៃការរស់ឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែងសន្តិភាព បានថយចុះក្នុងអំឡុងពេលចុងសប្តាហ៍ នៅពេល ដែលប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump បានលុបចោល ដំណើរទស្សនកិច្ច ដែលបានគ្រោង ទុកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដដោយបេសកជនរបស់គាត់ គឺលោក Steve Witkoff និង Jared Kushner ទោះបីជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បានមកដល់ប្រទេសប៉ាគីស្ថានក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
