អ៊ីរ៉ង់ ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការរឹបអូសនាវា ដែលដឹកប្រេងអ៊ីរ៉ង់នៅលើសមុទ្រអន្តរជាតិ
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសនាវាដែលដឹកប្រេងអ៊ីរ៉ង់ នៅលើសមុទ្រអន្តរជាតិ។
លោក Baghaei បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “នេះគឺជាការធ្វើឱ្យស្របច្បាប់ទាំងស្រុងនៃចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធនៅលើសមុទ្រអន្តរជាតិ។ សូមស្វាគមន៍មកកាន់ការវិលត្រឡប់មកវិញរបស់ចោរសមុទ្រ ឥឡូវនេះ ពួកគេធ្វើប្រតិបត្តិការជាមួយនឹងដីកាចាប់ខ្លួន ដែលចេញដោយរដ្ឋាភិបាល ជិះទូកក្រោមទង់ជាតិផ្លូវការ និងហៅការប្លន់របស់ពួកគេថាជាការអនុវត្តច្បាប់”។
លោកបានលេីកឡេីងថា សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះ “អាកប្បកិរិយាគ្មានច្បាប់ដ៏ឃោរឃៅនេះ ដែលវាយប្រហារដល់បេះដូងនៃច្បាប់អន្តរជាតិ និងពាណិជ្ជកម្មសេរីអន្តរជាតិ និងគំរាមកំហែងដល់គោលការណ៍ជាមូលដ្ឋាននៃសន្តិសុខសមុទ្រ”។
កាលពីថ្ងៃសុក្រ លោកស្រី Jeanine Pirro មេធាវីសហរដ្ឋអាមេរិកប្រចាំស្រុកកូឡុំប៊ី បានឧ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកបានឃាត់នាវាដឹកប្រេងពីរគ្រឿងដែលដឹកប្រេងអ៊ីរ៉ង់ប្រហែល ១.៩លានបារ៉ែលក្នុងមួយគ្រឿងនៅក្នុងមហាសមុទ្រឥណ្ឌា ដោយផ្អែកលើដីកាចាប់ខ្លួន។
នៅក្នុងសាររបស់លោកស្រី លោកស្រី Pirro បានលេីកឡេីងថា “យើងនឹងបន្តស៊ើបអង្កេត តាមដាន និងបន្តករណីទាំងនេះដោយឥតឈប់ឈរ ដោយប្រើប្រាស់អាជ្ញាធរស្របច្បាប់ទាំងអស់ ដើម្បីចោទប្រកាន់ជនល្មើសដែលត្រូវបានដាក់ទណ្ឌកម្ម និងអ្នកដែលគាំទ្រភេរវកម្ម និងបដិសេធពួកគេពីសមត្ថភាពណាមួយក្នុងការទទួលបានប្រាក់ចំណេញពីសកម្មភាពខុសច្បាប់តាមសមុទ្រ”៕
ប្រែសម្រួល ឈូក បូរ៉ា
