ព័ត៌មានអន្តរជាតិ

ជនសង្ស័យបាញ់ប្រហារនៅពិធីជប់លៀងនៅសេតវិមាន​ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតី

វ៉ាស៊ីនតោន៖ លោក Cole Tomas Allen ជនសង្ស័យក្នុងការបាញ់ប្រហារនៅយប់ថ្ងៃសៅរ៍នៅក្នុងពិធីជប់លៀងនៅសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

នៅថ្ងៃចន្ទ លោក Allen បានបង្ហាញខ្លួនជាលើកដំបូងនៅតុលាការស្រុកសហរដ្ឋអាមេរិក​ សម្រាប់ស្រុកកូឡុំប៊ីចាប់តាំងពីការបាញ់ប្រហារ​ ដោយរូបគេត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

ជនសង្ស័យរូបនេះ​ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួនបី គឺការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ការដឹកជញ្ជូនអាវុធឆ្លងរដ្ឋ និងការបាញ់កាំភ្លើងក្នុងអំឡុងពេលឧក្រិដ្ឋកម្មហិង្សា។

យោងតាមអាជ្ញាធរអនុវត្តច្បាប់ លោក Allen អាយុ ៣១ឆ្នាំ បានធ្វើដំណើរពីរដ្ឋកាលីហ្វ័រញ៉ាទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ីតាមរថភ្លើង ហើយបានចូលសណ្ឋាគារ Washington Hilton ជាមួយនឹងអាវុធមុនពេលវាយប្រហារ។

ជនសង្ស័យត្រូវបានគេរាយការណ៍ថាបានផ្ញើអ៊ីមែលទៅកាន់សាច់ញាតិរបស់រូបគេ​ មួយរយៈខ្លីមុនពេលការបាញ់ប្រហារ ដែលរូបគេបានសរសេរថាមន្ត្រីរដ្ឋបាលលោក ត្រាំ គឺជា “គោលដៅ ដែលត្រូវបានផ្តល់អាទិភាពពីឋានៈខ្ពស់បំផុតទៅឋានៈទាបបំផុត”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top