សហភាពអឺរ៉ុប រក្សាជម្រើសបើកចំហរប្រសិនបើសហរដ្ឋអាមេរិក បំពានកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ប្រ៊ុចសែល៖ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានឧ្យដឹងថា សហភាពអឺរ៉ុប នឹងរក្សាជម្រើសបើកចំហ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការ ដែលមិនស្របនឹងសេចក្តីថ្លែងការណ៍រួមរវាងភាគីទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន លើពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព។
អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា «យើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះទំនាក់ទំនងអន្តរអាត្លង់ទិក ដែលអាចព្យាករណ៍បាន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការដែលមិនស្របនឹងសេចក្តីថ្លែងការណ៍រួម យើងនឹងរក្សាជម្រើសរបស់យើងឱ្យបើកចំហ ដើម្បីការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប»។
ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ កាលពីព្រឹកមិញនេះថា លោកនឹងដំឡើងពន្ធដល់ ២៥ភាគរយលើរថយន្ត និងឡានដឹកទំនិញដែលនាំចូលពីសហភាពអឺរ៉ុប ចាប់ពីសប្តាហ៍ក្រោយ ដោយចោទប្រកាន់ប្លុកនេះថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀង។
អ្នកនាំពាក្យរូបនេះបានបន្ដថា “សហភាពអឺរ៉ុបកំពុងអនុវត្តការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការណ៍រួមរបស់ខ្លួនស្របតាមការអនុវត្តច្បាប់ស្តង់ដារ ដោយធ្វើឱ្យរដ្ឋបាលសហរដ្ឋអាមេរិកទទួលបានព័ត៌មានពេញលេញ” ដោយបន្ថែមថា សហភាពអឺរ៉ុបរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីសហរដ្ឋអាមេរិក ខណៈពេលដែលក៏កំពុងស្វែងរកភាពច្បាស់លាស់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្រោមកិច្ចព្រមព្រៀងនេះផងដែរ។
អ្នកនាំពាក្យរូបនេះបានសំដៅទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហភាពអឺរ៉ុប-សហរដ្ឋអាមេរិក ដែលសម្រេចបានកាលពីឆ្នាំមុន ដែលសហភាពអឺរ៉ុប នឹងផ្អាកពន្ធលើផលិតផលឧស្សាហកម្មទាំងអស់របស់សហរដ្ឋអាមេរិក និងណែនាំកូតាអត្រាពន្ធសម្រាប់ផលិតផលកសិ-ចំណីអាហារជាច្រើនប្រភេទរបស់សហរដ្ឋអាមេរិក ដែលចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប។ ជាថ្នូរវិញ សហរដ្ឋអាមេរិក នឹងអនុវត្តពន្ធនាំចូល ១៥ភាគរយលើទំនិញសហភាពអឺរ៉ុបភាគច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា
