ព័ត៌មានអន្តរជាតិ

ធនាគារ ADB បញ្ចេញកំចី​៧០ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យថាមពល និងឌីជីថលនៅទូទាំងតំបន់ អាស៊ីប៉ាស៊ីហ្វិក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងប្តេជ្ញាចិត្តរហូតដល់៧០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣៥ ចំពោះគំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីរួមបញ្ចូលបណ្តាញអគ្គិសនី ពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងព្រំដែន និងពង្រឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រធានធនាគារ ADB លោក Masato Kanda បានចាប់ផ្តើមគំនិតផ្តួចផ្តើម Pan-Asia Power Grid Initiative និង Asia-Pacific Digital Highway នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៩របស់ធនាគារនៅទីក្រុង Samarkand ដែលជាទីក្រុងធំទីពីររបស់ ប្រទេសUzbekistan។

លោកKanda បាននិយាយថា៖វិស័យថាមពល និងការប្រើប្រាស់ឌីជីថលនឹងកំណត់អនាគតរបស់តំបន់ដោយបន្ថែមថា តាមរយៈការតភ្ជាប់បណ្តាញថាមពល និងបណ្តាញឌីជីថលឆ្លងកាត់ព្រំដែន យើងអាចកាត់បន្ថយការចំណាយ ពង្រីកឱកាស និងនាំមកនូវថាមពលដែលអាចទុកចិត្តបាន និងការចូលប្រើប្រាស់ឌីជីថលដល់មនុស្សរាប់រយលាននាក់។

យោងតាមការបញ្ជាក់បន្ថែមដោយលោក ​​Kanda គំនិតផ្តួចផ្តើម Pan-Asia Power Grid Initiative ស្វែងរកការភ្ជាប់ប្រព័ន្ធថាមពលជាតិ និងអនុតំបន់ ដើម្បីឱ្យលំហូរឆ្លងកាត់ព្រំដែននៃថាមពលកកើតឡើងវិញ។ បណ្តាញឌីជីថលអាស៊ីប៉ាស៊ីហ្វិក មានបំណងបិទគម្លាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងជួយតំបន់នេះ ទាញយកកំណើនដែលជំរុញដោយបញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top