វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រប្រេងរបស់រុស្ស៊ី ធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ការវាយប្រហាររបស់ទីក្រុងគៀវ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី អាចជំរុញឱ្យតម្លៃប្រេងកើនឡើងបន្ថែមទៀត។
លោក Peskov បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលបានឧ្យដឹងថា លោកបានមិនអើពើនឹងការអំពាវនាវរបស់លោកខាងលិច កុំឱ្យកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីថា ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក នឹងបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេង។
លោកបានលេីកឡេីងថា “ប្រសិនបើបរិមាណប្រេងរបស់យើងបន្ថែមត្រូវបានដកចេញពីទីផ្សារ តម្លៃនឹងកើនឡើងបន្ថែមទៀតពីកម្រិតបច្ចុប្បន្ន ដែលលើសពី ១២០ ដុល្លារអាមេរិករួចទៅហើយ” ដោយកត់សម្គាល់ថា ភាពតានតឹងនៅក្នុងច្រកសមុទ្រ ហ័រមូស បានធ្វើឱ្យទីផ្សារប្រេងសកលប្រឈមមុខនឹងកង្វះខាតការផ្គត់ផ្គង់ដ៏សំខាន់រួចទៅហើយ។
លោកបានបន្ដថា ទោះបីជាបរិមាណប្រេងទាបត្រូវបានដឹកជញ្ជូន សម្រាប់នាំចេញក៏ដោយ ក្រុមហ៊ុនរុស្ស៊ី នឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន ដែលនាំឱ្យមានប្រាក់ចំណូលកាន់តែច្រើនសម្រាប់រដ្ឋ។
លោកបានបន្ថែមថា “ប៉ុន្តែសំខាន់បំផុត យើងត្រូវតែបន្តធ្វើការ ដើម្បីការពារខ្លួនយើងពីហានិភ័យបន្ថែមទៀត ដែលបង្កឡើងដោយការវាយប្រហារបែបនេះដែលធ្វើឡើងដោយទីក្រុងគៀវ”។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៧៤០ គ្រឿងនៅជួរមុខក្នុងរយៈពេល ២៤ ម៉ោងកន្លងមក៕
ប្រែសម្រួល ឈូក បូរ៉ា
