កងទ័ពអាល្លឺម៉ង់អញ្ជើញយុវជនជិត ២០០.០០០នាក់ឱ្យចូលរួម ដោយលើកឡើងពី «ការគំរាមកំហែងរបស់រុស្ស៊ី»
បរទេស៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់បាននិយាយថា ពួកគេបានផ្ញើកម្រងសំណួរស្តីពីការចូលរួមជាមួយកងទ័ពទៅកាន់យុវជនរាប់ម៉ឺននាក់។ បុរសអាយុ ១៨ ឆ្នាំគ្រប់រូបត្រូវមានកាតព្វកិច្ចបំពេញវា និងចុះឈ្មោះសម្រាប់ការបម្រើយោធាដែលមានសក្តានុពលក្រោមច្បាប់ថ្មី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន KNA បន្ទាប់ពីមានសំណើមួយថា យុវជនប្រហែល ១៩៤.០០០ នាក់បានទទួលលិខិតមួយពីយោធាជាមួយនឹងកម្រងសំណួររវាងថ្ងៃទី១៥ ខែមករា និងថ្ងៃទី ២៤ ខែមេសា។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិបាននិយាយថា ខ្លួនមិនទាន់មានទិន្នន័យ “គួរឱ្យទុកចិត្ត” លើចម្លើយនៅឡើយទេ។
កម្រងសំណួរស្នើសុំទិន្នន័យផ្ទាល់ខ្លួន រួមទាំងស្ថានភាពរាងកាយ សុខភាព និងការអប់រំ និងថាតើពួកគេចង់ចូលរួមជាមួយកងទ័ពឬអត់។ អ្នកដែលបង្ហាញចំណាប់អារម្មណ៍ត្រូវបានស្នើសុំឱ្យជ្រើសរើសសាខាដែលពួកគេពេញចិត្ត និងរយៈពេលនៃការបម្រើយោធាដែលមានសក្តានុពល ចាប់ពី៦ខែដល់ច្រើនជាង៦ឆ្នាំ។
ស្ត្រីក៏អាចបំពេញទម្រង់បែបបទបានដែរ ប៉ុន្តែមិនត្រូវបានតម្រូវឱ្យបំពេញក្រោមច្បាប់ទំនើបកម្មសេវាយោធាដែលត្រូវបានអនុម័តនៅចុងឆ្នាំមុននោះទេ។ ច្បាប់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៊ែរឡាំង ដើម្បីបង្កើនចំនួនកងទ័ពពី ១៨៦.០០០ នាក់ដល់ ២៦០.០០០ នាក់ បូករួមទាំងកងទ័ពបម្រុងចំនួន ២០០.០០០ នាក់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។ មន្ត្រីអាល្លឺម៉ង់បានពិភាក្សាអំពីតម្រូវការក្នុងការពង្រីកយោធាចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដោយលើកឡើងពី «ការគំរាមកំហែងរបស់រុស្ស៊ី»៕
ប្រែសម្រួលៈ ណៃ តុលា
