អ៊ីរ៉ង់ ចោទប្រកាន់អេមីរ៉ាត អារ៉ាប់រួម ថាសហការជាមួយអ្នកឈ្លានពាន ប្រឆាំងនឹងអ៊ីរ៉ង់
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចោទប្រកាន់អារ៉ាប់រួម (UAE) ថា “គាំទ្រ និងសហការជាមួយអ្នកឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់”។
លោក Baghaei បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា អាកប្បកិរិយារបស់អារ៉ាប់រួម “បានបង្កើតបញ្ហាជាច្រើន” មិនត្រឹមតែសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សន្តិសុខតំបន់ និងសាមគ្គីភាពក្នុងចំណោមប្រទេសក្នុងតំបន់ផងដែរ។
លោកបានបន្ថែមថា អ៊ីរ៉ង់ សង្ឃឹមថា “ប្រទេសក្នុងតំបន់ទាំងអស់ បានរៀនមេរៀនចាំបាច់ពីការវិវត្ត ដែលបានកើតឡើងក្នុងរយៈពេល ៥០ថ្ងៃនេះ”។
លើសពីនេះ ខណៈពេលដែលត្រូវបានសួរអំពីជំហររបស់អ៊ីរ៉ង់ ចំពោះការដកខ្លួនរបស់អារ៉ាប់រួម ចេញពីអង្គការប្រទេសនាំចេញប្រេង (OPEC) លោក Baghaei បានលេីកឡេីងថា ចលនានេះមិនមែនជា “ការស្ថាបនា” នោះទេ ដោយពណ៌នាថាវាជាប្រតិកម្ម “អវិជ្ជមាន ឬសងសឹក” ប្រឆាំងនឹងតំបន់ និងរដ្ឋជាសមាជិក OPEC។
គួរបញ្ជាក់ថា អង្គការ OPEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ដោយអ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងវេណេស៊ុយអេឡា ដើម្បីសម្របសម្រួលគោលនយោបាយផលិតកម្ម។
អារ៉ាប់រួម បានឧ្យដឹងនៅចុងខែមេសាថា ខ្លួននឹងដកខ្លួនចេញពីអង្គការ OPEC និងសម្ព័ន្ធភាព OPEC+ ដ៏ទូលំទូលាយ ចាប់ពីថ្ងៃទី១ ខែឧសភា។ ការចាកចេញរបស់ខ្លួនធ្វើឱ្យក្រុមនេះនៅសល់សមាជិកចំនួន ១១ ដោយសម្ព័ន្ធភាព OPEC+ ដ៏ទូលំទូលាយនេះ រួមមានប្រទេសផលិតប្រេង ដែលមិនមែនជាសមាជិក OPEC ចំនួន ១០ បន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
