ក្រុមហាម៉ាស់ អះអាងថា ការគំរាមកំហែងរបស់អ៊ីស្រាអែល ក្នុងការបន្តសង្គ្រាមនៅហ្គាហ្សា ជាការរំលោភលើបទឈប់បាញ់ និងផែនការរបស់លោក ត្រាំ
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) បានឧ្យដឹងថា ការគំរាមកំហែងរបស់អ៊ីស្រាអែលក្នុងការបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សា គឺជា “ការរំលោភ” លើកិច្ចព្រមព្រៀងឈប់បាញ់ និងជាការរំលោភយ៉ាងច្បាស់លាស់លើផែនការសន្តិភាព ដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់លោក Hazen Qassem បានឧ្យដឹងថា “ការគំរាមកំហែងដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយភាសាហេព្រើរអំពីការបន្តសង្គ្រាមនៅតំបន់ហ្គាហ្សា តំណាងឱ្យការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់” និងផ្ទុយនឹងអ្វីដែលលោកបានពិពណ៌នាថាជា “ផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ”។
លោក Qassem បានបន្ថែមថា សេចក្តីថ្លែងការណ៍បែបនេះ “ផ្ទុយនឹងបរិយាកាសវិជ្ជមាន” ដែលបានបង្ហាញដោយចលនាក្នុងអំឡុងពេលកិច្ចប្រជុំថ្មីៗនៅទីក្រុងគែរ ជាមួយអ្នកសម្របសម្រួល ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយភាគីក្នុងតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងភាពស្ងប់ស្ងាត់ និងការពារការដួលរលំនៃកិច្ចព្រមព្រៀង។
លោកបានបន្ដថា ក្រុមហាម៉ាស់ នៅតែ «ប្តេជ្ញាចិត្តជាបន្តបន្ទាប់» ក្នុងការធ្វើការជាមួយអ្នកសម្របសម្រួល ដើម្បីឈានដល់ «វិធីសាស្ត្រដែលអាចទទួលយកបាន» សម្រាប់ប្រជាជនប៉ាឡេស្ទីន ក្នុងលក្ខណៈមួយដែលធានាដល់ការអនុវត្តផ្លូវផ្សេងៗដែលមានគោលបំណងសម្រេចបានសន្តិភាពនៅតំបន់ហ្គាហ្សា។
ទន្ទឹមនឹងនេះ វិទ្យុអ៊ីស្រាអែល ដោយដកស្រង់សម្ដីមន្ត្រីអ៊ីស្រាអែល បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានឈានទៅមុខនូវអ្វីដែលខ្លួនហៅថា «ខ្សែលឿង» ទៅទិសខាងលិចនៅតំបន់ហ្គាហ្សា ហើយឥឡូវនេះគ្រប់គ្រងបាន ៥៩ភាគរយនៃតំបន់នោះ៕
ប្រែសម្រួល ឈូក បូរ៉ា
