អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀមខ្លួន សម្រាប់សេណារីយ៉ូណាមួយនៅក្នុងច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ អ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូណាមួយនៅក្នុងច្រកសមុទ្រហ័រមូស ហើយនឹងមិនអត់ឱនចំពោះ “ការធ្វើបាប” ដោយកងកម្លាំងអាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim។
ប្រភពយោធាមួយបានប្រាប់ Tasnim ថា កងកម្លាំងអ៊ីរ៉ង់ នឹងរារាំងការឆ្លងកាត់យោធារបស់សហរដ្ឋអាមេរិក តាមរយៈច្រកសមុទ្រ ដោយតម្រូវឱ្យនាវាអាមេរិកស្វែងរកការអនុញ្ញាតមុនពេលចូលទៅក្នុងផ្លូវទឹក។
ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ ដោយដកស្រង់ប្រភពក្នុងស្រុក បានរាយការណ៍ថា កងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីស្លាមបានវាយប្រហារនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង ដោយមីស៊ីលពីរគ្រាប់នៅជិតទីក្រុងកំពង់ផែភាគខាងត្បូង Jask ដោយបង្ខំឱ្យនាវានោះដកថយ។
ក្រោយមក Shargh Daily បានរាយការណ៍ថា កងកម្លាំងកងទ័ពជើងទឹកអ៊ីរ៉ង់ បានបាញ់មីស៊ីលបញ្ជា រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធជា “ការវាយប្រហារព្រមាន” ជុំវិញនាវាពិឃាតរបស់សហរដ្ឋអាមេរិកនៅក្នុងច្រកសមុទ្រ។
ទីបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានព្រមានថា «កងកម្លាំងប្រដាប់អាវុធបរទេសណាមួយ ជាពិសេសកងទ័ពអាមេរិកដ៏ឈ្លានពាន នឹងត្រូវវាយប្រហារ» ប្រសិនបើពួកគេព្យាយាមចូលទៅក្នុងច្រកសមុទ្រនេះ។
ការព្រមានទាំងនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកនឹងអមដំណើរនាវាដែលជាប់គាំងនៅក្នុងច្រកសមុទ្រទៅកាន់កន្លែងសុវត្ថិភាពនៅថ្ងៃចន្ទ។
អ៊ីរ៉ង់ បានចាប់ផ្តើមរឹតបន្តឹងការឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយហាមឃាត់នាវាដែលភ្ជាប់ទៅអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នាលើទឹកដីអ៊ីរ៉ង់។
ភាពតានតឹងបានកើនឡើងបន្ថែមទៀត បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១១-១២ ខែមេសា បានបរាជ័យដោយគ្មានកិច្ចព្រមព្រៀង៕
ប្រែសម្រួល ឈូក បូរ៉ា
