ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌា ចេញមុខថ្កោលទោស ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកទៅលើ ទីតាំងឧស្សាហកម្មប្រេងកាត នៅអារ៉ាប់រួម

បរទេស៖ ប្រទេសឥណ្ឌាបានប្រតិកម្ម ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ទៅលើទីតាំងឧស្សាហកម្មប្រេង កាតមួយកន្លែងនៅ Fujairah ក្នុងប្រទេសអារ៉ាប់រួម (UAE) កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយនៅក្នុងសារ មួយនៅលើ X កាលពីថ្ងៃអង្គារថា ទីក្រុងញូវដេលី “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការវាយប្រហារលើ ប្រទេសអារ៉ាប់រួម ដែលបានធ្វើឱ្យជនជាតិ ឥណ្ឌាបីនាក់រងរបួស។

លោកបាននិយាយនៅក្នុង សារដែលមានពាក្យខ្លាំងៗ ដែលមិនបានលើកឈ្មោះអ៊ីរ៉ង់ថា “ការកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធគឺ មិនអាចទទួលយកបានទេ”។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប់រួម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើហ្វេសប៊ុកកាលពីថ្ងៃចន្ទថា ការវាយប្រហារនេះបានកំណត់គោលដៅ ទៅលើតំបន់ឧស្សាហកម្មប្រេងកាត Fujairah ហើយបានបង្កឱ្យមាន “អគ្គីភ័យធំ” នៅកន្លែងនោះ។ យោងតាមអាជ្ញាធរ ជនជាតិឥណ្ឌាបានរងរបួសស្រាលក្នុងការវាយប្រហារនោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោក Modi បាននិយាយថា ប្រទេសឥណ្ឌាមាន “សាមគ្គីភាពយ៉ាងរឹងមាំ” ជាមួយ ប្រទេសអារ៉ាប់រួម ហើយបានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ខ្លួន ចំពោះការដោះស្រាយបញ្ហាទាំងអស់ ដោយសន្តិវិធី “តាមរយៈការសន្ទនា និងការទូត”។
ប្រែសម្រួលៈ ណៃ តុលា

To Top