កាតា ជំរុញឱ្យមានការឆ្លើយតបប្រកបដោយស្ថាបនា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់
ដូហា៖ នាយករដ្ឋមន្ត្រីកាតា បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ឆ្លើយតបប្រកបដោយស្ថាបនា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដែលកំពុងបន្តដែលមានគោលបំណងស្តារការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។
យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសកាតា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif។
មន្ត្រីកាតាបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសលោក ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិតាមរយៈការទូត និងបានថ្លែងអំណរគុណដល់ប៉ាគីស្ថាន និងអ្នកសម្របសម្រួលផ្សេងទៀតសម្រាប់ការជួយសម្រួលដល់បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ភាគីទាំងពីរក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ការអភិវឌ្ឍក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថានក្នុងការគាំទ្រដល់ការបន្ធូរបន្ថយភាពតានតឹង និងពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
បទឈប់បាញ់បណ្ដោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមានកាលពីខែមុន បន្ទាប់ពីការវាយប្រហារកាន់តែខ្លាំងឡើងអស់រយៈពេលជាច្រើនសប្តាហ៍ ដែលបានបង្កើនការព្រួយបារម្ភអំពីស្ថិរភាពក្នុងតំបន់ សន្តិសុខថាមពល និងការដឹកជញ្ជូននៅឈូងសមុទ្រ។ ប្រទេសកាតា និងដៃគូក្នុងតំបន់ និងអន្តរជាតិផ្សេងទៀតបានជំរុញម្តងហើយម្តងទៀតឱ្យពិភាក្សាគ្នា ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
