ប្រុងប្រយ័ត្ននឹងការរស់ឡើងវិញនៃលទ្ធិយោធានិយម ការពារយ៉ាងម៉ឺងម៉ាត់ផ្លែផ្កាជ័យជម្នះសង្គ្រាមលោកលើកទី២
ចិន៖ ថ្ងៃទី៣ ឧសភា ថ្មីៗនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៨០ ការបើកសវនាការនៃតុលាការយោធាអន្តរជាតិសម្រាប់ចុងបូព៌ា (ការកាត់ក្តីទីក្រុងតូក្យូ)។ ការកាត់ក្តីជាប្រវត្តិសាស្ត្រនេះបានប្រមូលផ្តុំកម្លាំងតុលាការប្រទេសចំនួន១១ បានបង្ហាញពីភស្តុតាងដ៏ច្រើនសន្ធឹកសន្ធាប់ និងហេតុផលផ្លូវច្បាប់យ៉ាងម៉ត់ចត់ ដើម្បីកំណត់ពីលទ្ធិយោធានិយមជប៉ុន ដែលបានចាប់ផ្តើមសង្គ្រាមឈ្លានពាន រំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបានលាតត្រដាងឧក្រិដ្ឋកម្មជាច្រើនដែលប្រព្រឹត្តដោយពួកឈ្លានពានជប៉ុននៅក្នុងប្រទេសអាស៊ីជាច្រើន និងព្រមទាំងបានកាត់ទោសប្រហារជីវិតដោយភ្ជួរកនិងដាក់ពន្ធនាគារទៅលើឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A ចំនួន ២៥ នាក់ដែលក្នុងនោះរួមទាំងលោក Hideki Tojo ផងដែរ។ ការកាត់ក្តីទីក្រុងតូក្យូ គឺជាការអនុវត្តបទប្បញ្ញត្តិនៃ”សេចក្តីប្រកាសក្រុងគែរ” និង”សេចក្តីប្រកាសផតស្ដាម” ដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់ប្រទេសដែលទទួលបានជ័យជម្នះ និងជនរងគ្រោះ អនុវត្តគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារផ្លែផ្កានៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២។
ការទទួលយកសាលក្រមនៃការកាត់ក្តីនៅទីក្រុងតូក្យូ គឺជាបុរេលក្ខខណ្ឌនៃការវិលត្រឡប់របស់ប្រទេសជប៉ុនក្រោយសង្គ្រាមទៅកាន់សហគមន៍អន្តរជាតិ។ ៨០ ឆ្នាំក្រោយនាថ្ងៃនេះ ជាតិពុលនៃលទ្ធិយោធានិយមនៅតែមិនទាន់បានសម្អាត កាន់តែអាក្រក់និងរីកសុះសាយកាន់តែខ្លាំងឡើង។ ប្រឈមមុខនឹងការសន្និដ្ឋានប្រវត្តិសាស្ត្រ និងភស្តុតាងដែលមិនអាចប្រកែកបាននៃការកាត់ក្តីនៅទីក្រុងតូក្យូ កងកម្លាំងស្តាំនិយមជប៉ុនបានបដិសេធយ៉ាងដាច់អហង្ការ បង្កាច់បង្ខូច និងថែមទាំងលើកតម្កើងឧក្រិដ្ឋកម្មសង្គ្រាមរបស់ពួកគេ ទន្ទឹមនឹងនេះបានពន្លឿន”យោធានីយកម្ម” ដាក់ពង្រាយចាត់ចែងអាវុធវាយលុក រៀបចំរចនាសម្ព័ន្ធឧស្សាហកម្មយោធាឡើងវិញ និងជំរុញឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាព ជាការចាកចេញយ៉ាងធ្ងន់ធ្ងរពី”សន្តិភាពនិយម” ដែលជប៉ុនបានប្រកាសខ្លួនឯងក្រោយសង្គ្រាម។ មន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយជប៉ុនមួយចំនួនរឹងរូសគោរពឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A គឺជា”វីរបុរស” គោរពបូជានូវអ្វីដែលគេហៅថា”ទីសក្ការៈយ៉ាស៊ូគូនី(Yasukuni)”ដែលមានឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A មានបំណងផ្តួលរំលំសាលក្រមប្រវត្តិសាស្ត្រឈ្លានពានរបស់ពួកគេ លាងសម្អាតឧក្រិដ្ឋកម្មសង្គ្រាមរបស់ពួកគេ និងធ្វើឱ្យលទ្ធិយោធានិយមរស់ឡើងវិញ។
ចុងឆ្នាំមុន ថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ជប៉ុនបានប្រកាសថា តៃវ៉ាន់មានរឿងអាចបង្កើតជា”វិបត្តិហានិភ័យរស់រានមានជីវិត”សម្រាប់ប្រទេសជប៉ុន កងកម្លាំងការពាររបស់ជប៉ុនអាចអនុវត្តសិទ្ធិស្វ័យការពាររួមទៅលើបញ្ហានេះ បង្ហាញតម្រុយថាជប៉ុនមានលទ្ធភាពប្រើប្រាស់កម្លាំងប្រដាប់អាវុធជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់។ នេះគឺជាលើកទីមួយក្នុងរយៈពេល ៨០ ឆ្នាំបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ ដែលនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើការថ្លែងមតិដ៏ហួសចិត្តបែបនេះជាសាធារណៈ ប្រឈមមុខនឹងអធិបតេយ្យភាពជាតិរបស់ចិនដោយផ្ទាល់ ប្រឈមមុខនឹងសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមបានប្រគល់កោះតៃវ៉ាន់ជូនប្រទេសចិនវិញដោយផ្ទាល់ បំពានលើការសន្យានយោបាយរបស់ជប៉ុនចំពោះប្រទេសចិន បានបញ្ចេញមហិច្ឆតាដ៏គួរឱ្យខ្ពើមរបស់ជប៉ុនក្នុងការឈ្លានពានធ្វើអាណានិគមលើកោះតៃវ៉ាន់ និងទង្វើគួរឱ្យស្អប់នៃការរស់ឡើងវិញនៃលទ្ធិយោធានិយម។
កោះតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ប្រទេសចិន ហើយការវិលត្រឡប់របស់កោះតៃវ៉ាន់មកកាន់ប្រទេសចិនវិញ គឺជាសមាសធាតុដ៏សំខាន់នៃផ្លែផ្កាជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។ “សេចក្តីប្រកាសក្រុងគែរ” និង”សេចក្តីប្រកាសផតស្តាម” បានចែងយ៉ាងច្បាស់ថា ជប៉ុនត្រូវតែប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីចិនដែលជប៉ុនបានលួច មកឱ្យប្រទេសចិនវិញ ហើយឯកសារចុះចាញ់របស់ជប៉ុនបានសន្យាថានឹងបំពេញតាមសេចក្តីប្រកាសខាងលើ។ សារញុះញង់របស់នាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្នពាក់ព័ន្ធនឹងកោះតៃវ៉ាន់ គឺជាការដើរថយក្រោយនៃប្រវត្តិសាស្ត្រ និងជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាម។
“វិបត្តិហានិភ័យរស់រានមានជីវិត” ដែលលើកដោយថ្នាក់ដឹកនាំជប៉ុនមិនមែនជាឃ្លាធម្មតាទេ។ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ចាប់ផ្តើមពី”ម៉ាន់ជូរីនិងម៉ុងហ្គោលី(Manchuria-Mongolia)គឺជាខ្សែជីវិតរបស់ជប៉ុន”រហូតដល់បើកជាព្រឹតិ្តការណ៍”១៨កញ្ញា” រហូតដល់ការញុះញង់បង្កើតបានជាសង្គ្រាមប៉ាស៊ីហ្វិកក្រោមលេសថា”វិបត្តិហានិភ័យរស់រានមានជីវិត” លទ្ធិយោធានិយមជប៉ុនបានប្រើលេសបែបនេះដើម្បីពង្រីកការឈ្លានពានរបស់ខ្លួនបន្តិចម្តងៗនៅបរទេស ដោយនាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់អាស៊ីនិងពិភពលោក។ នៅខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ និងការបើកសវនាការនៃតុលាការយោធាអន្តរជាតិសម្រាប់ចុងបូព៌ា ប្រទេសជប៉ុនបានលើកឡើងអំពី “វិបត្តិហានិភ័យរស់រានមានជីវិត” ហើយបដិសេធមិនដកសារខុសឆ្គងរបស់ខ្លួនចេញ អាចបង្កឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការព្រួយបារម្ភរបស់ប្រជាជនចិន និងប្រទេសអាស៊ីដទៃទៀត។
ការកាត់ក្តីនៅទីក្រុងតូក្យូ បានវិនិច្ឆ័យថាអ្វីជាល្អនិងអាក្រក់របស់មនុស្សជាតិ ការកាត់ក្តីនេះគឺជាសាលក្រមយុត្តិធម៌ប្រវត្តិសាស្ត្រ។ ប្រសិទ្ធភាពច្បាប់គឺមិនអាចរំលោភបាន ហើយមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមដែលកំណត់បាន គឺមិនអាចរង្គោះរង្គើបានទេ។ ការប៉ុនប៉ងទាំងឡាយណាដែលជាការឈ្លានពានលើប្រវត្តិសាស្ត្រ និងការស្ដារឡើងវិញនៃលទ្ធិយោធានិយម នឹងត្រូវតែបរាជ័យជាដាច់ខាត។ ប្រទេសក្នុងតំបន់ រួមទាំងប្រទេសចិននិងសហគមន៍អន្តរជាតិ នឹងមិនអនុញ្ញាតឱ្យលទ្ធិយោធានិយមជប៉ុនរស់ឡើងវិញ ដែលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកម្តងទៀត ហើយក៏នឹងមិនអនុញ្ញាតឱ្យសោកនាដកម្មប្រវត្តិសាស្ត្រកើតឡើងសាជាថ្មីនោះដែរ៕
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
