ឥណ្ឌា តម្លើងពន្ធនាំចូលទៅលើមាស និងប្រាក់ពី ៦%ដល់ ១៥ភាគរយ ដើម្បីទប់ស្កាត់ការនាំចូល
បរទេស៖ រដ្ឋាភិបាលឥណ្ឌាបានដំឡើង ពន្ធនាំចូលលើមាស និងប្រាក់ពី៦%ដល់ ១៥% , នេះបើយោងតាមបទបញ្ជារបស់រដ្ឋាភិបាលឥណ្ឌានៅថ្ងៃពុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការទិញលោហៈមានតម្លៃពីបរទេស និងបន្ធូរបន្ថយសម្ពាធលើទុន បម្រុងប្តូរប្រាក់បរទេសរបស់ប្រទេស។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា ពន្ធខ្ពស់អាចធ្វើឱ្យតម្រូវការ នៅក្នុងប្រទេសដែលជាអ្នកប្រើប្រាស់ លោហៈដ៏មានតម្លៃធំជាងគេទីពីររបស់ពិភពលោកថយចុះ ទោះបីជាវាអាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌា និងគាំទ្រដល់ប្រាក់រូពី ដែលជារូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណដែលមានដំណើរការ អាក្រក់បំផុតរបស់អាស៊ីក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីឧស្សាហកម្មបានព្រមានថា ពន្ធនាំចូលខ្ពស់គឺអាចធ្វើឱ្យការរត់ពន្ធងើបឡើងវិញ ដែលបានធូរស្រាលបន្ទាប់ពីឥណ្ឌា បានកាត់បន្ថយពន្ធនៅពាក់កណ្តាលឆ្នាំ ២០២៤។
រដ្ឋាភិបាលបានដាក់ពន្ធគយមូលដ្ឋាន ១០% និងពន្ធលើហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងអភិវឌ្ឍន៍ (AIDC) ៥% លើការនាំចូលមាស និងប្រាក់ ដែលធ្វើឱ្យពន្ធនាំចូលមានប្រសិទ្ធភាពដល់ ១៥% ពី ៦%។
ប្រែសម្រួលៈ ណៃ តុលា
