អ៊ីស្រាអែល អាចនឹងបន្តការ វាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗ ខាងមុខនេះ
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធភាព ដែលខ្លួនអាចនឹងត្រូវការបន្តការវាយលុក របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចគោលដៅនៃយុទ្ធនាការយោធា របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។
ការកត់សម្គាល់នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានឧ្យដឹងថា វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើង នៅក្នុងការចរចាជាមួយអ៊ីរ៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងណាមួយត្រូវតែធានាថា ទីក្រុងតេអេរ៉ង់ មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
លោកបានលើកឡើងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធទាហានថា “បេសកកម្មរបស់យើងមិនទាន់ចប់នោះទេ យើងត្រូវតែបំពេញគោលដៅនៃ យុទ្ធនាការតាមរបៀប ដែលធានាថា អ៊ីរ៉ង់នឹងមិនក្លាយជាការគំរាមកំហែងដល់ អត្ថិភាពរបស់អ៊ីស្រាអែល និងចំពោះកងកម្លាំងអាមេរិក សម្រាប់ជំនាន់ក្រោយៗទៀត”។
លោកបន្ដថា “យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ លទ្ធភាពដែលយើងនឹងត្រូវបានទាមទារ ឱ្យធ្វើសកម្មភាពម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីធានាថា គោលដៅទាំងនេះត្រូវបានសម្រេច”។
លោក Katz ក៏បានថ្លែងទៅកាន់ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកផ្ទុះរបស់ក្រុមហេសបូឡា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកផ្ទុះមួយគ្រឿង ត្រូវបានបាញ់ចេញពីប្រទេសលីបង់ បានវាយប្រហារភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យមនុស្សបីនាក់រងរបួស។
លោកបានបន្ថែមថា “យើងដឹងយ៉ាងច្បាស់អំពីការគំរាមកំហែង ដោយយន្តហោះគ្មានមនុស្សបើក រួមជាមួយនឹងដំណោះស្រាយដែលត្រូវបានដាក់ពង្រាយ រួចហើយនៅក្នុងសមរភូមិ មានដំណោះស្រាយបច្ចេកវិទ្យា និងប្រតិបត្តិការបន្ថែមជាច្រើន ហើយស្ថាប័នការពារជាតិទាំងមូល ត្រូវបានចល័តលើបញ្ហានេះ”៕
