ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានថា បទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅតែមានភាពផុយស្រួយ

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស់ បានព្រមានថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សានៅតែមានភាពផុយស្រួយ ខណៈដែលអ្នកស្លាប់ និងរបួសកើនឡើង ទឹកដីរួមតូច និងជំនួយមនុស្សធម៌ប្រឈមមុខនឹងការរារាំងប្រចាំ។

លោក អាបាស់ បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលថ្លែងក្នុងនាមលោកដោយអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិលោក រីយ៉ាដ ម៉ាន់សួរ ក្នុងនាមលោកថា «បទឈប់បាញ់នៅតែមានភាពផុយស្រួយ ខណៈពេលដែលប្រជាជនរបស់យើង នៅតែបន្តស្លាប់ ភូមិសាស្ត្ររបស់ហ្គាហ្សាកំពុងរួមតូច ហើយជំនួយនៅតែបន្តប្រឈមមុខនឹងការរារាំងក្នុងការរំលោភបំពានយ៉ាងច្បាស់លាស់របស់អ៊ីស្រាអែល»។

សុន្ទរកថានេះត្រូវបានថ្លែងនៅក្នុងព្រឹត្តិការណ៍អង្គការសហប្រជាជាតិមួយនៅទីក្រុងញូវយ៉ក ដើម្បីរំលឹកខួបលើកទី៧៨ នៃព្រឹត្ដិការណ៍ «ណាក់បា» របស់ប៉ាឡេស្ទីន ដែលជាការផ្លាស់ទីលំនៅយ៉ាងច្រើនរបស់ប្រជាជនប៉ាឡេស្ទីនបន្ទាប់ពីការបង្កើតរដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ ១៩៤៨ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥ ខែឧសភា។

លោក អាបាស់ បានថ្លែងនៅក្នុងសុន្ទរកថានោះថា ថ្នាក់ដឹកនាំប៉ាឡេស្ទីនកំពុងធ្វើការជាមួយអ្នកសម្របសម្រួល និងដៃគូ ដើម្បីឈានទៅរកដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្តារ និងកសាងឡើងវិញ។ លោកបានបញ្ជាក់ជាថ្មីអំពីចក្ខុវិស័យរបស់ប៉ាឡេស្ទីនអំពី “រដ្ឋមួយ រដ្ឋាភិបាលមួយ ច្បាប់មួយ និងអាវុធមួយ” ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាទាំងស្រុង។

ប្រជាជនប៉ាឡេស្ទីន ចោទប្រកាន់អ៊ីស្រាអែលថាបានបង្កើតឡើងវិញនូវព្រឹត្ដិការណ៍ Nakba តាមរយៈសង្គ្រាមរបស់ខ្លួននៅហ្គាហ្សា ដែលពួកគេនិយាយថាបានសម្លាប់មនុស្សជាង ៧២០០០ នាក់ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេងដល់អគារលំនៅដ្ឋាន និងរារាំងការងាររបស់ទីភ្នាក់ងារសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top