សេតវិមានអាមេរិកថា ប្រទេសចិន បានយល់ព្រមដោះស្រាយក្តីបារម្ភ របស់សហរដ្ឋអាមេរិក អំពីកង្វះខាតរ៉ែដ៏កម្រ
បរទេស ៖ សេតវិមានអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ នៅក្នុងការសង្ខេបព័ត៌មានមួយ ដែលគូសបញ្ជាក់ពីកិច្ចព្រមព្រៀងសំខាន់ៗ ដែលបានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុនថា ប្រទេសចិននឹងដោះស្រាយកង្វល់ របស់សហរដ្ឋអាមេរិកអំពីកង្វះខាតរ៉ែកម្រ ពិសេសមួយចំនួនដែលបណ្តាល មកពីការគ្រប់គ្រងការនាំចេញរបស់ទីក្រុងប៉េកាំង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា ការគ្រប់គ្រងការនាំចេញរ៉ែដ៏កម្ររបស់ប្រទេសចិន ដែលត្រូវបានណែនាំនៅក្នុងខែមេសា ឆ្នាំ២០២៥ ដើម្បីសងសឹកចំពោះពន្ធគយទិវារំដោះ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺបន្តរឹតបន្តឹងការនាំចេញរ៉ែដ៏កម្រមួយចំនួនយ៉ាងតឹងរ៉ឹង ទោះបីជាមានកិច្ចព្រមព្រៀង មួយកាលពីខែតុលាឆ្នាំមុន ដែលសេតវិមាននិយាយថា ប្រទេសចិនបានយល់ព្រមអនុញ្ញាតឱ្យការដឹកជញ្ជូនដោយសេរី ។
ការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងគឺតឹងរ៉ឹងបំផុតលើរ៉ែដ៏កម្រពិសេសដូចជា yttrium និង scandium ដែលប្រើប្រាស់ក្នុងវិស័យការពារជាតិ អាកាសចរណ៍ និងការផលិតបន្ទះឈីប ដែលទាំងពីរនេះត្រូវបានគូសបញ្ជាក់ នៅក្នុងការសង្ខេបព័ត៌មាន។
វាបានសរសេរថា “ប្រទេសចិននឹងដោះស្រាយការព្រួយបារម្ភ របស់សហរដ្ឋអាមេរិកទាក់ទងនឹងកង្វះខាតខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងរ៉ែដ៏កម្រ និងរ៉ែសំខាន់ៗផ្សេងទៀត រួមទាំង yttrium, scandium, neodymium និង indium”។ ចំណែកក្រសួងពាណិជ្ជកម្មចិន មិនបាននិយាយអំពីរ៉ែដ៏កម្រ នៅក្នុងសេចក្តីសង្ខេបរបស់ខ្លួនដែលចេញផ្សាយនៅថ្ងៃសៅរ៍នោះទេ។
ព័ត៌មាននេះបានឱ្យដឹងថា ទីក្រុងប៉េកាំងក៏នឹងដោះស្រាយកង្វល់ របស់សហរដ្ឋអាមេរិក អំពីការរឹតបន្តឹងការនាំចេញ របស់ប្រទេសចិនលើឧបករណ៍កែច្នៃរ៉ែដ៏កម្រ និងបច្ចេកវិទ្យាផងដែរ។
