លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងខិតជិត ដល់កិច្ចព្រមព្រៀងហេីយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា «ការវិវឌ្ឍវិជ្ជមាន» មួយកំពុងកើតឡើង ហើយលោកគិតថា អ៊ីរ៉ង់ខិតជិតដល់កិច្ចព្រមព្រៀងមួយនៅពេលនេះ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសពី ការពន្យារពេលនៃការបន្តការវាយប្រហារយោធា ប្រឆាំងនឹងប្រទេសនេះ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា លើកនេះគឺ «ខុសគ្នាបន្តិចបន្តួច» ពីកិច្ចពិភាក្សា ដែលជាប់គាំងពីមុន ដែលទីក្រុងវ៉ាស៊ីនតោន គិតថាកិច្ចព្រមព្រៀងមួយខិតជិតដល់ហើយ។ លោកបានលេីកឡេីងថា «វាជាការវិវឌ្ឍវិជ្ជមានខ្លាំងណាស់ ប៉ុន្តែយើងនឹងរង់ចាំមើលថាតើវាមានន័យឬអត់»។
ប្រធានាធិបតីអាមេរិករូបនេះថា «យើងមានរយៈពេលយូរដែលយើងគិតថា ស្ទើរតែជិតដល់ការសម្រេចបានកិច្ចព្រមព្រៀងមួយ ហើយវាមិនដំណើរការទេ ប៉ុន្តែពេលនេះគឺខុសគ្នាបន្តិចបន្តួច»។
លោកបានបន្ថែមថា រដ្ឋឈូងសមុទ្របានស្នើសុំឱ្យលោកផ្អាក ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានគ្រោងទុកនៅ ថ្ងៃអង្គាររយៈពេលពីរបីថ្ងៃ ប៉ុន្តែការផ្អាកនេះអាចមានរយៈពេលយូរជាងនេះ។
ទន្ទឹមនឹងនេះ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ម្តងទៀតថា វាជាការចាំបាច់សម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការបោះបង់ចោលកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន។ លោកថា “ឥឡូវនេះ ពួកគេត្រូវតែសរសេរវាជាលាយលក្ខណ៍អក្សរ”៕
