ព័ត៌មានអន្តរជាតិ

គុយបា​ ព្រមានថា​ ការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក​ នឹងបង្កឱ្យមានការបង្ហូរឈាមដ៏អាក្រក់

ហាវ៉ាណា៖​ ការវាយប្រហារដោយយោធាណាមួយរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា​ នឹងបង្កឱ្យមាន “ការបង្ហូរឈាមដែលមានផលវិបាក​ ដែលមិនអាចគណនាបាន” និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន នេះបើយោងតាមការព្រមានរបស់ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel។

លោក Diaz-Canel បានសរសេរនៅលើបណ្ដាញសង្គម​ X ឧ្យដឹងថា “ការគំរាមកំហែងនៃការឈ្លានពានផ្នែកយោធាប្រឆាំងនឹងប្រទេសគុយបា​ ដោយប្រទេសដ៏មានអំណាចបំផុតរបស់ពិភពលោកត្រូវបានគេស្គាល់យ៉ាងច្បាស់។ ការគំរាមកំហែងបែបនេះបង្កើតបានជាឧក្រិដ្ឋកម្មអន្តរជាតិរួចហើយ”។

លោកបានលេីកឡេីងថា ប្រទេសគុយបា “មិនតំណាងឱ្យការគំរាមកំហែងនោះទេ ហើយក៏មិនមានផែនការ ឬចេតនាឈ្លានពានប្រឆាំងនឹងប្រទេសណាមួយដែរ” ដោយបន្ថែមថារឿងនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសដោយទីភ្នាក់ងារការពារជាតិ និងសន្តិសុខជាតិរបស់ខ្លួន។

លោក Diaz-Canel បានបន្ចថា ប្រទេសគុយបា​ កំពុងរងទុក្ខរួចទៅហើយដោយ “ការឈ្លានពានពហុវិមាត្រ” ដោយសហរដ្ឋអាមេរិក ហើយមាន “សិទ្ធិដាច់ខាត និងស្របច្បាប់” ដើម្បីការពារខ្លួនពីសកម្មភាពយោធាណាមួយ។

ការកត់សម្គាល់របស់លោក​ បានកើតឡើងបន្ទាប់ពីសារព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសគុយបា​ បានទទួលយន្តហោះគ្មានមនុស្សបើកយោធាជាង ៣០០ គ្រឿង ហើយបានវាយតម្លៃសេណារីយ៉ូ​ ដែលអាចធ្វើទៅបានសម្រាប់ការប្រើប្រាស់របស់ពួកគេប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top