ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ថា សកម្មភាពយោធារបស់ចិន គឺជាប្រភពដ៏ធំបំផុត នៃភាពចលាចល និងអស្ថិរភាពក្នុងតំបន់ 

បរទេស៖ នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក Cho Jung-tai បាននិយាយនៅថ្ងៃអង្គារថា ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតនៃភាពចលាចល និងអស្ថិរភាពក្នុងតំបន់ ដោយសារតែសកម្មភាពយោធាដែលកំពុងបន្តរបស់ចិននេះឯង ខណៈដែលកងទ័ពជើងទឹកចិនបានប្រកាសថា ខ្លួនបានបញ្ជូនក្រុមការងារនាវាផ្ទុកយន្តហោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិចសម្រាប់ការហ្វឹកហ្វឺន។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធយោធា និងនយោបាយរបស់ខ្លួន ហើយបានបដិសេធការអំពាវនាវម្តង ហើយម្តងទៀតសម្រាប់ការចរចាពីប្រធានាធិបតីកោះតៃវ៉ាន់ Lai Ching-te ដោយដាក់ស្លាកលោក Lai ថាជា “អ្នកបំបែកខ្លួន”។
 
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិ មុនខួបលើកទីពីរនៃការចូលកាន់តំណែងរបស់លោក Lai , លោក Cho Jung-tai បានសម្តែងការព្រួយបារម្ភអំពីអ្វីដែលប្រទេសចិនកំពុងធ្វើ។
 
លោកបានមានប្រសាសន៍ថា “សាធារណរដ្ឋប្រជាមានិតចិននៅតែបន្តធ្វើសមយុទ្ធយោធាក្នុងទំហំ និងប្រភេទផ្សេងៗគ្នានៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សមុទ្រចិនខាងត្បូង និងសូម្បីតែនៅជុំវិញប្រទេសជប៉ុន ដែលប៉ះពាល់ដល់សុវត្ថិភាពនាវាចរណ៍”។
ប្រែសម្រួលៈ ណៃ តុលា 

To Top