ចក្រភពអង់គ្លេស ប្រមូលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃ ៥ពាន់លានដុល្លារ ជាមួយនឹងរដ្ឋនៅឈូងសមុទ្រ Gulf
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាចក្រភពអង់គ្លេស និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលត្រូវបានប៉ាន់ប្រមាណថានឹងនាំអ្នកនាំចេញអង់គ្លេសនូវឱកាសចំនួន៣,៧ពាន់លានផោនឬប្រហែលជា៤,៩៦ ពាន់លានដុល្លារអាមេរិកសម្រាប់កុងត្រារយៈពេលវែង។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសដែលបានចេញផ្សាយកាលពីថ្ងៃពុធ កិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយការចំណាយលើការនាំចេញ បើកទីផ្សារឈូងសមុទ្រ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្លុកដែលមានសមាជិក៦ក្រុមប្រទេស។
ប្រទេសទាំងនោះមាន Bahrain, Kuwait, Oman, Qatar, Saudi Arabia និង United Arab Emirates ដែលនេះវានឹងធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រទេស G7 ដំបូងគេដែលទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ GCC ។
រដ្ឋាភិបាលអង់គ្លេសក៏បាននិយាយដែរថា កិច្ចព្រមព្រៀងនេះអាចដំឡើងប្រាក់ឈ្នួលពិតប្រាកដចំនួន១,៩ពាន់លានផោនឬប្រហែលជា២,៥៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំខណៈដែលវាត្រូវបានគេរំពឹងថានឹងកាត់បន្ថយការចំណាយសម្រាប់អ្នកនាំចេញរបស់អង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី
