DAP News
ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សាទរចំពោះ «ដំណាក់កាលថ្មី» នៃចំណងមិត្តភាពនៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានសាទរចំពោះ «ដំណាក់កាលថ្មី» ក្នុងទំនាក់ទំនងទ្វេភាគី ក្នុងពេលដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពង្រីកសន្ធិសញ្ញាមិត្តភាពចិន-រុស្ស៊ីបន្ថែមទៀត និងបានសន្យាថា នឹងធ្វើការរួមគ្នាដើម្បីសណ្តាប់ធ្នាប់ពិភពលោកដែលយុត្តិធម៌ និងសមធម៌ជាងមុន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក ពូទីន គឺជាដំណើរទស្សនកិច្ចលើកទី ២៥ របស់លោកទៅកាន់ប្រទេសចិន។ លោក ស៊ី និងលោក ពូទីន បានជួបពិភាក្សា ជជែកគ្នាលេងផឹកតែ ទស្សនាការតាំងពិព័រណ៍រូបថត និងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើននៅទីក្រុងប៉េកាំង។
 
លោក ស៊ី បានកត់សម្គាល់ក្នុងអំឡុងពេលនៃការសន្ទនាជាមួយលោកពូទីនថា ក្នុងចំណោមទេសភាពអន្តរជាតិដែលមានភាពប្រែប្រួល និងច្របូកច្របល់ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយសម្រាប់ការសម្របសម្រួលសម្រាប់យុគសម័យថ្មីមួយដោយផ្អែកលើសមភាព ការគោរពគ្នាទៅវិញទៅមក ជំនឿល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
 
លោកបានបន្ថែមថា ការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងថ្នាក់ក្រោមជាតិបានរីកចម្រើនឥតឈប់ឈរ ខណៈដែលចំណងមិត្តភាពរវាងប្រជាជនទាំងពីរកាន់តែរឹងមាំ។
 
លោកបានមានប្រសាសន៍ថា «ទំនាក់ទំនងចិន-រុស្ស៊ី បានចូលដល់ដំណាក់កាលថ្មីនៃសមិទ្ធផលកាន់តែធំ និងការអភិវឌ្ឍកាន់តែលឿន»។
 
ប្រែសម្រួលៈ ណៃ តុលា

To Top