កប៉ាល់ដឹកឧស្ម័នធម្មជាតិ រាវទីបីរបស់ប្រទេសកាតា កំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយឆ្ពោះទៅកាន់ប្រទេសចិន
បរទេស៖ ទិន្នន័យតាមដានកប៉ាល់ បានបង្ហាញនៅថ្ងៃសុក្រថា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវទីបីរបស់ប្រទេសកាតា កំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយឆ្ពោះទៅកាន់ប្រទេសចិន ខណៈដែលក្រុមចរចារបស់កាតា បានមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីព្យាយាមជួយធានាកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងពេលដែលការដឹកជញ្ជូនតាមផ្លូវទឹក នៅតែបន្តមិនទៀងទាត់ ការដឹកជញ្ជូនលើកទីបីនេះរបស់កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវកាតា កំពុងកើតឡើងជិតពីរសប្តាហ៍បន្ទាប់ពីទំនិញដំបូង បែបនេះបានឆ្លងកាត់ច្រកសមុទ្រ ក្រោមការរៀបចំអ៊ីរ៉ង់-ប៉ាគីស្ថាន។
យោងតាមទិន្នន័យដឹកជញ្ជូនរបស់ LSEG កប៉ាល់ឈ្មោះ Al Sahla ដែលមានសមត្ថភាពផ្ទុកឧស្ម័នរាវ ២១១.៨៤២ ម៉ែត្រគូប បានចាកចេញពីទីក្រុង Ras Laffan ហើយត្រូវបានគេរំពឹងថានឹងមកដល់ ស្ថានីយឧស្ម័នធម្មជាតិរាវ Tianjin របស់ប្រទេសចិននៅថ្ងៃទី១៤ ខែមិថុនា។
យោងតាមមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវពីរគ្រឿងរបស់កាតាមុនៗ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានបង្កឱ្យមានសង្គ្រាមអ៊ីរ៉ង់នៅចុងខែកុម្ភៈ ត្រូវបានលក់ដោយកាតា ទៅឱ្យប៉ាគីស្ថាន ក្រោមកិច្ចព្រមព្រៀងរដ្ឋាភិបាលទៅរដ្ឋាភិបាល នេះបើយោងតាមមនុស្សពីរនាក់ដែលស្គាល់បញ្ហានេះ។
