អ៊ីរ៉ង់អះអាងថា ការចរចាសន្តិភាពជាមួយអាមេរិក មិនទាន់ខិតជិតដល់កិច្ចព្រមព្រៀងនៅឡើយទេ
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនទាន់ខិតជិតដល់កិច្ចព្រមព្រៀងនៅឡើយទេ។ លោក Baghaei បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា “ដំណើរការ ការទូត ដែលកំពុងដំណើរការ និងវត្តមានរបស់មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន នៅទីក្រុងតេអេរ៉ង់ មិនមានន័យថា យើងបានឈានដល់ចំណុចរបត់ ឬស្ថានភាពកំណត់នោះទេ” ខណៈដែលមេទ័ពប៉ាគីស្ថាន លោក Asim Munir និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi កំពុងស្ថិតនៅក្នុងរដ្ឋធានីអ៊ីរ៉ង់ សម្រាប់ការផ្លាស់ប្តូរសារទ្វេភាគី។
លោកបានលើកឡើងថា “យើងមិនអាចនិយាយបានថាបានឈានដល់ចំណុចមួយដែលកិច្ចព្រមព្រៀងមួយជិតដល់នោះទេ។ មិនចាំបាច់ទេ នោះមិនមែនជាករណីនោះទេ” ដោយកត់សម្គាល់ថា ភាពខុសគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកគឺ “ជ្រៅ និងច្រើន” ហើយការទូតត្រូវការពេលវេលា។
លោក Baghaei បានសង្កត់ធ្ងន់ថា ការចរចាមានគោលបំណងបញ្ចប់អរិភាពលើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ ដោយបន្ថែមថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនមាននៅក្នុងរបៀបវារៈនៅដំណាក់កាលនេះទេ។ លោកបានបន្ដថា ស្ថានភាពនៃច្រកសមុទ្រហ័រមូស និងការវាយប្រហាររបស់សហរដ្ឋអាមេរិក លើកប៉ាល់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏ត្រូវតែពិនិត្យនិងពិភាក្សាផងដែរ។
កាលពីថ្ងៃសុក្រ កាសែត Al Arabiya ដោយដកស្រង់ប្រភពព័ត៌មានបានរាយការណ៍ថា កិច្ចព្រមព្រៀងសន្តិភាព ដែលអាចកើតមានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងរួមបញ្ចូលប្រការចំនួន ៩ចំណុច។ សេចក្តីព្រាងនេះរួមមានបទឈប់បាញ់ជាបន្ទាន់ ទូលំទូលាយ និងគ្មានលក្ខខណ្ឌលើគ្រប់វិស័យ ការធានាប្រឆាំងនឹងការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធយោធា ស៊ីវិល ឬសេដ្ឋកិច្ច ការបញ្ឈប់ប្រតិបត្តិការយោធា និងការបញ្ចប់សង្គ្រាមប្រព័ន្ធផ្សព្វផ្សាយ។
សេចក្តីព្រាងនេះក៏បានចែងអំពីការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង សេរីភាពនៃការធ្វើនាវាចរណ៍នៅឈូងសមុទ្រ ច្រកសមុទ្រហ័រមូស និងឈូងសមុទ្រអូម៉ង់ និងការបង្កើតយន្តការត្រួតពិនិត្យ និងដោះស្រាយជម្លោះរួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
