ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនឥណ្ឌា ជុំវិញការជួញដូរប្រេងរបស់អ៊ីរ៉ង់

បរទេស៖ សហរដ្ឋអាមេរិកបានកំណត់គោលដៅក្រុមហ៊ុនឥណ្ឌាមួយដោយសារតែទំនាក់ទំនងរបស់ក្រុមហ៊ុននេះទៅនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃបញ្ជីអង្គភាព និងបុគ្គលចុងក្រោយបំផុតរបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវទទួលទណ្ឌកម្មឯកតោភាគី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ថា សកម្មភាពនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកព្យាយាមរឹតត្បិតសាធារណរដ្ឋអ៊ីស្លាម (អ៊ីរ៉ង់) ដែលត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររួចទៅហើយ ចំពេលទីក្រុងវ៉ាស៊ីនតោនមិនអាចបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ាបាន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិក បានកំណត់អត្តសញ្ញាណក្រុមហ៊ុនពាណិជ្ជកម្មគីមីឥន្ធនៈឥណ្ឌាដែលត្រូវបានដាក់ទណ្ឌកម្មថា ជា Rishabh Triexim ដែលខ្លួនបាននិយាយថា បាននាំចូលផលិតផលគីមីឥន្ធនៈដើមកំណើតអ៊ីរ៉ង់ដែលមានតម្លៃ ៥៤,៦ លានដុល្លារពីក្រុមហ៊ុនជាច្រើនរវាងខែកុម្ភៈ និងខែសីហា ឆ្នាំ ២០២៤។ Swaroop Jayantilal Bagrecha ដែលជាដៃគូក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។

អាជីវកម្មឥណ្ឌាងាយរងគ្រោះជាងចំពោះទណ្ឌកម្មបន្ទាប់បន្សំដែលអាចកើតមាន ព្រោះមិនដូចប្រទេសអូស្ត្រាលី ចិន និងសហភាពអឺរ៉ុបទេ ទីក្រុងញូវដេលីមិនបានអនុម័ត “ច្បាប់រារាំង” ណាមួយដែលហាមឃាត់អង្គភាពក្នុងស្រុកពីការអនុវត្តតាមទណ្ឌកម្មបរទេសនោះទេ។

ក្នុងនាមជាអ្នកទិញប្រេងធំជាងគេទីបីរបស់ពិភពលោក ប្រទេសឥណ្ឌាពឹងផ្អែកលើការនាំចូលប្រហែល ៨៥% នៃតម្រូវការប្រេងរបស់ខ្លួន ដែលធ្វើឱ្យវាងាយរងគ្រោះដោយសារការកើនឡើងនៃតម្លៃថាមពល និងការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តាមរយៈច្រកសមុទ្រ Hormuz។

រដ្ឋបាលលោក Trump ទំនងជាមើលឃើញថា នេះជាឱកាសមួយដើម្បីលក់ធនធានថាមពលបន្ថែមទៀត ដែលភាគច្រើនជាប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ទៅឱ្យប្រទេសឥណ្ឌា។

ប្រែសម្រួលៈ ណៃ តុលា

To Top