សេដ្ឋកិច្ចអង់គ្លេស ប្រឈមមុខនឹងកំណើនយឺតជាងមុន ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា
ឡុងដ៍៖ កំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងកម្រិតទាបរហូតដល់ឆ្នាំ ២០២៦ និង ២០២៧ ដោយសារតែផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា នេះបើយោងតាមការព្យាករណ៍សេដ្ឋកិច្ចចុងក្រោយបំផុត ដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយសភាពាណិជ្ជកម្មអង់គ្លេស (BCC)។
BCC បានកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៦ មកត្រឹម ០.៩ ភាគរយពី ១ ភាគរយនៅក្នុងការព្យាករណ៍មុន ហើយបានព្យាករណ៍ថាសេដ្ឋកិច្ចនឹងពង្រីក ១ ភាគរយនៅឆ្នាំ ២០២៧ និង ១.៣ ភាគរយនៅឆ្នាំ ២០២៨។
ដោយលើកឡើងពីជម្លោះថាជាឧបសគ្គសេដ្ឋកិច្ចដ៏សំខាន់ BCC បានឲ្យដឹងថា ការវិនិយោគអាជីវកម្មត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយធ្លាក់ចុះ ២.២ ភាគរយនៅឆ្នាំ ២០២៦ និង ០.១ ភាគរយនៅឆ្នាំ ២០២៧ មុនពេលងើបឡើងវិញដល់កំណើន ២.៣ ភាគរយនៅឆ្នាំ ២០២៨។
អតិផរណាតម្លៃទំនិញប្រើប្រាស់ ដែលវាស់វែងដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ត្រូវបានគេរំពឹងថា នឹងកើនឡើងម្តងទៀតនៅក្នុងខែខាងមុខ បន្ទាប់ពីបានធូរស្រាលនៅក្នុងខែមេសា។ ដោយសារការកើនឡើងនៃថ្លៃដើមថាមពល និងការដឹកជញ្ជូន អតិផរណាត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិតកំពូល ៣.៨ ភាគរយនៅក្នុងត្រីមាសទីបួននៃឆ្នាំនេះ មុនពេលធ្លាក់ចុះដល់ ២.៣ ភាគរយនៅចុងឆ្នាំ ២០២៧ និងបន្តដល់ ២ ភាគរយនៅចុងឆ្នាំ ២០២៨ នេះបើយោងតាម BCC។
អត្រាគ្មានការងារធ្វើនៅឆ្នាំនេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៥.២ ភាគរយ ហើយបន្ទាប់មកឈានដល់ ៥.៥ ភាគរយនៅឆ្នាំ ២០២៧។ អត្រាគ្មានការងារធ្វើរបស់យុវជននឹងឡើងដល់ ១៦.៩ ភាគរយនៅឆ្នាំ ២០២៦ ហើយបន្តកើនឡើងដល់ ១៧.៨ ភាគរយនៅឆ្នាំ ២០២៧។
លោក David Bharier អនុប្រធានផ្នែកសេដ្ឋកិច្ច និងការយល់ដឹងនៅ BCC បានឲ្យដឹងថា “ខណៈពេលដែលសេដ្ឋកិច្ចចក្រភពអង់គ្លេសបានបង្ហាញពីភាពធន់គួរឱ្យស្វាគមន៍មួយចំនួននៅឆ្នាំនេះ តួលេខកំណើនដែលរំពឹងទុកចំនួន ០.៩ ភាគរយសម្រាប់ឆ្នាំ ២០២៦ គឺជាកង្វល់ជាមូលដ្ឋាន”៕
ប្រែសម្រួល ឈូក បូរ៉ា
