រដ្ឋាភិបាលគុយបា បដិសេធការអះអាងរបស់លោក Rubio ថាសហរដ្ឋអាមេរិកមិនបាន រារាំងការដឹកជញ្ជូនប្រេងចេញចូលប្រទេស
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសគុយបា កាលពីថ្ងៃសុក្របានច្រានចោលការកត់សម្គាល់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលថាទីក្រុងវ៉ាស៊ីនតោនមិនរារាំង ការដឹកជញ្ជូនប្រេងទៅកាន់កោះនេះទេ ដោយលើកឡើងពីវិធានការ របស់សហរដ្ឋអាមេរិកដែលដាក់ ទណ្ឌកម្មលើប្រទេសដែលផ្គត់ផ្គង់ប្រេងដល់គុយបា។
រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាលោក Rubio បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនរារាំងការដឹកជញ្ជូន ប្រេងទៅកាន់ប្រទេសគុយបានោះទេ។
លោក Rodriguez បានចង្អុលទៅបទបញ្ជាប្រតិបត្តិលេខ 14380 ដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី២៩ខែមករា ដែលអនុញ្ញាតពន្ធដាក់ទណ្ឌកម្មលើការនាំចូលពីប្រទេស ដែលផ្គត់ផ្គង់ប្រេងដោយផ្ទាល់ ឬដោយប្រយោលដល់គុយបា។
យោងតាមលោក Rodriguez ប្រទេសណាដែលធ្វើពាណិជ្ជកម្មប្រេងជាមួយគុយបា ប្រឈមមុខនឹងការគំរាមកំហែងនៃការសងសឹក ពាណិជ្ជកម្មនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
តើនោះមិនបានរារាំងការចូលប្រេង ចូលប្រទេសគុយបាទេឬ? លោកRodriguez បានសរសេរដោយពណ៌នាអំពីវិធានការ នេះថាជាទម្រង់នៃការបង្ខិតបង្ខំ សេដ្ឋកិច្ចប្រឆាំងនឹងប្រទេសទីបី។
គួរឲ្យដឹងដែរថាប្រទេសគុយបាពឹងផ្អែកយ៉ាងខ្លាំង លើប្រេងឥន្ធនៈដែលនាំចូលដើម្បី បំពេញតម្រូវការក្នុងស្រុក។ យោងតាមតួលេខផ្លូវការ កោះនេះត្រូវការការដឹកជញ្ជូនឥន្ធនៈ ប្រហែលប្រាំបីក្នុងមួយខែ ដើម្បីដំណើរការជាធម្មតា។
