លោក ដូណាល់ ត្រាំ អះអាងថា លោក ណេតាន់យ៉ាហ៊ូ គ្មានជម្រើសអ្វី ក្រៅពីការទទួលយកកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់
ឡុងដ៍៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងគ្មានជម្រើសក្រៅពីការទទួលយកកិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ Financial Times កាលពីល្ងាចថ្ងៃអាទិត្យ។
លោក ដូណាល់ ត្រាំ បានឲ្យដឹងក្នុងអំឡុងពេលសម្ភាសន៍តាមទូរស័ព្ទជាមួយកាសែតអង់គ្លេស ភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងទៅលើអ៊ីស្រាអែលថា ទីក្រុងវ៉ាស៊ីនតោន មិនមែនអ៊ីស្រាអែលនោះទេ ដែលនឹងកំណត់លទ្ធផលនៃការចរចាជាមួយទីក្រុងតេអេរ៉ង់។ លោក ត្រាំ ត្រូវបានគេដកស្រង់សម្តីថា «លោក ណេតាន់យ៉ាហ៊ូ នឹងមិនមានជម្រើសអ្វីនោះទេ»។ «ខ្ញុំជាអ្នកសម្រេច។ ខ្ញុំជាអ្នកសម្រេចទាំងអស់។ លោក ណេតាន់យ៉ាហ៊ូ មិនមែនជាអ្នកសម្រេចនោះទេ»។
នៅពេលសួរថាតើការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល នឹងប៉ះពាល់ដល់ឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តការចរចាជាមួយទីក្រុងតេអេរ៉ង់ដែរឬទេ លោក ត្រាំ បានឲ្យដឹងថា ការវាយប្រហារទាំងនេះនឹងមិនមានផលប៉ះពាល់ដល់កិច្ចព្រមព្រៀងដែលអាចកើតមាននោះទេ។
លោកបានបន្ដថា «ខ្ញុំគិតថាកិច្ចព្រមព្រៀងកំពុងដំណើរការ។ យើងនឹងឃើញអ្វីដែលនឹងកើតឡើង» ដោយបន្ថែមថាកិច្ចព្រមព្រៀងណាមួយនឹងទទួលបានជោគជ័យ ឬបរាជ័យដោយអាស្រ័យលើគុណសម្បត្តិរបស់វា ហើយការវាយប្រហារនេះនឹងមិនផ្លាស់ប្តូរការគណនារបស់លោកឡើយ។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបន្ទាបបន្ថោកការវាយប្រហារទាំងនោះផងដែរ ដោយថាពួកគេ “មិនបានវាយប្រហារទាល់តែសោះ” ហើយបានពិពណ៌នាអំពីជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលថាជា “រឿងមួយក្នុងចំណោមរឿងទាំងនោះ ដែលបានបន្តអស់រយៈពេល ៣០០០ ឆ្នាំ ឬ ៤៧ ឆ្នាំ អាស្រ័យលើរបៀប ដែលអ្នករាប់”។
នៅពេលសួរថា តើនឹងមានអ្វីកើតឡើងប្រសិនបើការចរចាបរាជ័យនៅទីបំផុត លោក ត្រាំ បានគូសបញ្ជាក់ពីជម្រើសពីរដែលអាចធ្វើទៅបាន។ មួយនឹងពាក់ព័ន្ធនឹងសកម្មភាពយោធា ដើម្បីដោះស្រាយអ្វីដែលលោកបានពិពណ៌នាថា ជាគោលបំណងដែលមិនទាន់បានបញ្ចប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងមួយទៀតនឹងជាការរក្សាការបិទផ្លូវលើប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
