Feature

តម្លៃប្រេងបានកើនឡើងជាង ៤ ដុល្លារ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ និងលីបង់

បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ៤ ដុល្លារនៅថ្ងៃចន្ទ ដោយវិនិយោគិនមានការភ័យខ្លាចចំពោះការវាយប្រហារថ្មីរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ក៏ដូចជាការវាយប្រហារឡើងវិញលើប្រទេសលីបង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង ៤,៤២ ដុល្លារ ឬ ៤,៤៧% ដល់ ៩៧,១៥ ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ៤,០៧ ដុល្លារ ឬ ៤,៥០% ដល់ ៩៤,៦១ ដុល្លារក្នុងមួយបារ៉ែល។
 
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហាររោងចក្រគីមីឥន្ធនៈមួយកន្លែងនៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់ រួមជាមួយនឹងការវាយប្រហារនៅកន្លែងផ្សេងទៀតលើគោលដៅយោធា។ ការវាយប្រហារនោះកើតឡើង ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យចៀសវាងការវាយប្រហារបន្ថែមទៀតក៏ដោយ។
 
នៅក្នុងការវាយប្រហារលើកដំបូងលើទីតាំងថាមពលមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបទឈប់បាញ់នៅថ្ងៃទី ៨ ខែមេសា អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅនៅកន្លែងស្តុកគីមីឥន្ធនៈ Mahshahr។ មន្ត្រីខេត្តម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ថា ផ្នែកខ្លះនៃរោងចក្រត្រូវបានខូចខាត។
 
ឥឡូវនេះ ក្តីសង្ឃឹមកំពុងរលាយបាត់ទៅ សម្រាប់ការបញ្ចប់សង្គ្រាមដ៏ទូលំទូលាយមួយ និងការចាប់ផ្តើមឡើងវិញនូវលំហូរប្រេងឆៅតាមរយៈច្រកសមុទ្រ Hormuz ដែលជាច្រកឆ្លងកាត់ ដែលប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំរបស់ពិភពលោកត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូន។

ប្រែសម្រួលៈ ណៃ តុលា

To Top