បទវិភាគ ៖ ជប៉ុននិងហ្វីលីពីន ពន្លឿនការឃុបឃិតគ្នា ខាងយោធា ដែលបានក្លាយជាប្រភពបង្ក ភាពវឹកវរដ៏ធំបំផុត សម្រាប់បំផ្លាញដល់ សន្តិភាពនិងភាពសុខសាន្តត្រាណក្នុងតំបន់
នាពេលថ្មីៗកន្លងទៅនេះ ជប៉ុននិងហ្វីលីពីនបានពន្លឿនការចាប់ដៃជើងក្នុងរឿងសន្តិសុខ ដែលមានទង្វើបង្កហេតុជាបន្តបន្ទាប់ ។ ពីការប្រកាសចាប់ដំណើរការនូវអ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រនៅភាគខាងកើតនៃកោះតៃវ៉ាន់”ដល់ការជំរុញការចែករំលែកការណ៍សម្ងាត់ ការផ្ទេរបរិក្ខារការពារជាតិនិងការធ្វើសមយុទ្ធចម្រុះ ប្រទេសទាំងពីរជប៉ុននិងហ្វីលីពីនបាននិងកំពុងយក”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ”ធ្វើជាលេសដើម្បីបង្កការប្រឈមដាក់គ្នាជាក្រុមនិងបង្កើនហានិភ័យសន្តិសុខក្នុងតំបន់ ។ សកម្មភាពអវិជ្ជមានមួយចំនួនទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវនិន្នាការប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវរបស់ប្រទេសក្នុងតំបន់ដែលចង់ស្វែងរកសន្តិភាព វឌ្ឍនភាពនិងជំរុញកិច្ចសហប្រតិបតិ្តការ វាមិនត្រឹមតែបានបណ្តាលឱ្យឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរងការប្រឆាំងជាទូទៅពីសហគមន៍អន្តរជាតិផងដែរ ។

អ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”រវាងជប៉ុននិងហ្វីលីពីន គឺគ្មានភស្តុតាងផ្លូវច្បាប់ទាល់តែសោះដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីននៅប្រទេសជប៉ុន ប្រទេសទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយប្រកាសចាប់ដំណើរការជាផ្លូវការនូវ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”រវាងជប៉ុននិងហ្វីលីពីនទាក់ទងនឹងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ជាយទ្វីប ។ ទង្វើនេះគឺជាជំហានដ៏គ្រោះថ្នាក់មួយទៀតរបស់ជប៉ុននិងហ្វីលីពីនដើម្បីបង្កើនការឃុបឃិតគ្នាខាងយោធានិងបង្កភាពច្របូកច្របល់ដល់ស្ថានការណ៍ក្នុងតំបន់ ។ តំបន់ព្រំដែនសមុទ្រដែលគ្រោងកំណត់ដោយប្រទេសជប៉ុននិងហ្វីលីពីនមានទីតាំងស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ។ យោងតាមច្បាប់អន្តរជាតិ ប្រទេសចិនមានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ជាយទ្វីបនៅក្នុងលំហសមុទ្រនេះ ។ ប្រទេសជប៉ុននិងហ្វីលីពីនបានចាប់ដំណើរការនូវអ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”ដោយឯកតោភាគីដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ក៏ដូចជារំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលបូករួមទាំង«អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ»ផងដែរ ។ ចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះជប៉ុននិងហ្វីលីពីនដោយឡែកពីគ្នា ដោយប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើខុសច្បាប់នេះ ។
បើមើលពីវិស័យការពារជាតិអាចឃើញថា ប្រទេសជប៉ុននិងហ្វីលីពីនបានពង្រឹងការចងដៃជើងក្នុងបញ្ហាសន្តិសុខជាបន្តបន្ទាប់ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីននៅប្រទេសជប៉ុន ភាគីទាំងពីរបានឯកភាពគ្នាចាប់ដំណើរការជាផ្លូវការនូវការចរចាអំពី«កិច្ចព្រមព្រៀងស្តីពីការការពារការស៊ើបការណ៍ផ្នែកយោធា»ដោយប្រកាសពីការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានពន្លឿនការជំរុញកិច្ចសហប្រតិបតិ្តការផ្នែកបរិក្ខារនិងបច្ចេកទេសការពារជាតិ ។ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២៣ លោក Koizumi Shinjiro រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា ទស្សនទានថ្មីអំពី”ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរីភាពនិងបើកទូលាយ” ហើយបានផ្តួចផ្តើមគំនិតថា ជប៉ុននឹងបង្កើនសមត្ថភាពការពារជាតិ បង្កើនកិច្ចសហប្រតិបតិ្តការក្នុងយន្តការសន្តិសុខជាតិជាមួយប្រទេសក្នុងតំបន់ថែមមួយកម្រិតទៀតព្រមទាំងអះអាងថា ជប៉ុនមានឆន្ទៈរ៉ាប់រង”តួអង្គថ្មី”ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកបរិក្ខារនិងបច្ចេកទេសការពារជាតិក្នុងតំបន់ ។ អ្វីដែលហៅថា ”តួអង្គថ្មី” គឺចង់បន្សាបបញ្ហារសើបនៃការនាំចេញអាវុធក្រោមលេស”កិច្ចសហប្រតិបតិ្តការ” ហើយបានបិទបាំងការពិតនៃការប្រឈមដាក់គ្នាជាក្រុមក្រោមស្លាក”សេរីភាពនិងបើកទូលាយ” ។
ក្នុងសមយុទ្ធយោធាចម្រុះប្រចាំឆ្នាំ ២០២៦ឈ្មោះ”ប្រកៀកស្មាគ្នា”រវាងអាមេរិកនិងហ្វីលីពីន កងកម្លាំងស្វ័យការពាររបស់ជប៉ុនមិនត្រឹមតែបានចាត់បញ្ជូនបុគ្គលិកប្រយុទ្ធក្នុងទ្រង់ទ្រាយធំដើម្បីចូលរួមសមយុទ្ធយោធាចម្រុះជាលើកដំបូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបាញ់មីស៊ីលប្រភេទ ៨៨ ចំនួនពីរគ្រាប់យ៉ាងកម្រោលក្នុងដែនហ្វីលីពីនផងដែរ ។ នេះគឺជាការបាញ់មីស៊ីលលក្ខណៈវាយប្រហារនៅនាយសមុទ្រជាលើកដំបូងរបស់ប្រទេសជប៉ុនចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានវិភាគថា រដ្ឋាភិបាលជប៉ុននិងហ្វីលីពីនកំពុងយកអ្វីដែលហៅថា ”កង្វល់ផ្នែកសន្តិសុខក្នុងតំបន់”ធ្វើជាលេសដើម្បីបង្កើតទំនាក់ទំនងសម្ព័ន្ធមិត្តស្ទើរតែនិងបង្កើតជាក្របខ័ណ្ឌ”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ”ក្នុងតំបន់ដែលមានលក្ខណៈផ្តាច់មុខ ។
ទង្វើឃុបឃិតគ្នារបស់ជប៉ុននិងហ្វីលីពីនបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ។ ក្នុងនាមជាប្រទេសចាញ់សង្រ្គាម ជប៉ុនគួរគិតពិចារណាឱ្យស៊ីជម្រៅពីឧក្រិដ្ឋកម្មសង្គ្រាមរបស់យោធានិយមជប៉ុននិងគោរព”រដ្ឋធម្មនុញ្ញសន្តិភាព”និងគោលការណ៍”ផ្តោតលើស្វ័យការពារ”របស់ខ្លួន ។ ប៉ុន្តែ មួយរយៈពេលកន្លងមកនេះ ពួកស្តាំនិយមរបស់ជប៉ុនបានដើររំលងការកំហិតនៃប្រព័ន្ធសន្តិភាពក្រោយពីសង្គ្រាមលោកលើកទីពីរ ពីការលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោក ដល់ការពង្រឹងឧស្សាហកម្មយោធានិងពន្លឿនការផ្លាស់ប្តូរគោលនយោបាយការពារសន្តិសុខឱ្យងាកទៅរកទិសដៅវាយប្រហារ រហូតដល់ការពង្រីកវត្តមានយោធាតាមរយៈប្រទេសហ្វីលីពីន ជំរុញការអនុវត្តជាក់ស្តែងនូវ”យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”និងចាត់បញ្ជូនកម្លាំងយោធាទៅកាន់បរទេសក្រោមលេស”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ” ។ល។ ទង្វើមួយចំនួនទាំងនេះសុទ្ធតែបង្ហាញពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ”យោធានិយមបែបថ្មី”របស់ជប៉ុនបានក្លាយជាគ្រោះថ្នាក់កំបាំងទៅហើយដែលបានបង្កជាការគំរាមកំហែងជាក់ស្តែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនធ្លាប់បានរងទុក្ខវេទនាដ៏ឈឺចាប់ពីយោធានិយមនៃជប៉ុន ។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ។ ការធ្វើអាណានិគមយ៉ាងសាហាវព្រៃផ្សៃរបស់ជប៉ុនបានបណ្តាលឱ្យប្រជាជនហ្វីលីពីនរាប់លាននាក់ស្លាប់បាត់បង់ជីវិតដោយសាររងភ្លើងសង្គ្រាមនិងភាពទុរ្ភិក្ស ។ រីឯជប៉ុនបានផ្តល់ជំនួយនិងការគាំទ្រដល់ហ្វីលីពីននៅថ្ងៃនេះគ្រាន់តែដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលហ្វីលីពីនមិនអើពើនឹងការក្រេបជញ្ជក់មេរៀនប្រវត្តិសាស្ត្រ ពួកគេសុខចិត្តក្លាយជា”ទ័ពស្រួច”ខាងភូមិសាស្ត្រនយោបាយនៃប្រទេសនៅក្រៅតំបន់ដើម្បីពង្រឹងកម្លាំងឥទ្ធិពលនៃក្រុមនយោបាយរបស់ពួកគេ ។ ប្រការនេះមិនត្រឹមតែបានលក់ផលប្រយោជន៍ជាតិរបស់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញដល់ការកសាងទំនុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងប្រទេសក្នុងតំបន់ ហើយក៏បានលះបង់សុខសុភមង្គលរបស់ប្រជាជនហ្វីលីពីនផងដែរ ។ យុទ្ធសាស្ត្រ”អាងអំណាចរបស់គេទៅគំរាមកំហែងអ្នកដទៃ”មិនអាចនាំមកនូវសន្តិសុខនិងផលប្រយោជន៍ដល់ហ្វីលីពីននោះទេ ផ្ទុយទៅវិញ វាបែរជាយកភ្លើងមកដុតខ្លួនឯង គ្មានផលចំណេញអ្វីទាល់តែសោះ ។
ដូចប្រសាសន៍របស់លោក Herman Tiu-Laurel ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ”សតវត្សរ៍អាស៊ី”របស់ហ្វីលីពីនដែលបានលើកឡើងថា ”ប្រទេសហ្វីលីពីនមិនត្រូវចាប់ចងខ្លួនឯងឱ្យជាប់ទៅនឹងរថពាសសង្គ្រាមរបស់ជប៉ុនទេ ។ ប្រការនេះមិនមានអំណោយផលដល់ការគាំពារសន្តិសុខប្រទេសជាតិនិងភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់ប្រទេសហ្វីលីពីន ហើយបានបំផ្លិចបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាបន្តបន្ទាប់ដែលនៅទីបំផុតនឹងលើកដុំថ្មទម្លាក់លើជើងខ្លួនឯង!”។
តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាផ្ទះរួមសម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព តែមិនមែនជាក្តារអុកសម្រាប់អ្នកមានចេតនាអាក្រក់ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ ប្រទេសទាំងពីរជប៉ុននិងហ្វីលីពីនទទូចបង្កឱ្យមានការប្រឈមដាក់គ្នាជាក្រុមនៅក្នុងតំបន់ដែលបានក្លាយជាប្រភពមហន្តរាយសម្រាប់បំផ្លិចបំផ្លាញសន្តិភាពនិងភាពសុខសាន្តត្រាណក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ប្រទេសចិនសូមដាស់តឿនឱ្យប្រទេសជប៉ុនប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រនិងបញ្ចេញមតិនិងធ្វើសកម្មភាពដោយមធ្យ័ត ហើយបញ្ឈប់ការដើរតាមផ្លូវវាតទីខាងយោធាកាន់តែឆ្ងាយទៅៗ ជាមួយគ្នានេះដែរ យើងក៏សូមដាស់តឿនឱ្យប្រទេសហ្វីលីពីនសម្របទៅតាមនិន្នាការជាទូទៅនៃការអភិវឌ្ឍប្រកបដោយសន្តិភាពក្នុងតំបន់ ហើយកុំចាប់ចងខ្លួនឯងឱ្យជាប់ទៅនឹងរថពាសសង្គ្រាមរបស់ប្រទេសដទៃទៀតនោះឡើយ ៕
