ប្រទេសចិន ដើរតួនាទីយ៉ាងសកម្ម ក្នុងអភិបាលកិច្ចសកលលោក
ប៉េកាំង៖ ប្រទេសចិន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេបំផុតរបស់ពិភពលោក បានដើរតួនាទីយ៉ាងសកម្មជាប់លាប់ ក្នុងអភិបាលកិច្ចសកលលោក នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។
លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីសៀវភៅសមួយដែលមានចំណងជើងថា “អភិបាលកិច្ចសកលលោកដែលយុត្តិធម៌ និងសមធម៌ជាងមុន គឺគោលការណ៍ សំណើ និងសកម្មភាពរបស់ប្រទេសចិន”។
លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិនគាំទ្រការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងនាំមុខគេក្នុងការអនុវត្តពហុភាគីនិយមពិតប្រាកដ។ លោកបានបន្ថែមថា ប្រទេសចិនតែងតែជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍសកល ជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ និងជាអ្នកផ្តល់ទំនិញសាធារណៈ ខណៈពេលដែលកំពុងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីកែលម្អ និងកែទម្រង់ការគ្រប់គ្រងសកលលោក៕
ប្រែសម្រួល ឈូក បូរ៉ា
