ព័ត៌មានអន្តរជាតិ

រយៈពេល​ ១០០០ថ្ងៃ បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាម ប្រជាជនហ្គាហ្សា​ នៅតែប្រឈមមុខនឹងការលំបាកផ្នែកមនុស្សធម៌​ ទោះបីជាមានបទឈប់បាញ់

ហ្គាហ្សា៖ ខណៈពេលដែលតំបន់ហ្គាហ្សាបានប្រារព្ធខួប ១០០០ថ្ងៃចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស់​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីនជាច្រើនឧ្យដឹងថា ការតស៊ូប្រចាំថ្ងៃរបស់ពួកគេបានផ្លាស់ប្តូរពីការរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកទៅជាការស៊ូទ្រាំនឹងការលំបាកផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចដ៏យូរអង្វែង។

ទោះបីជាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់​ បានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥ ក៏ដោយ ស្ថានភាពរស់នៅក្នុងតំបន់ហ្គាហ្សា​ បានបង្ហាញភាពប្រសើរឡើងតិចតួច ដោយមានការខ្វះខាតស្បៀងអាហារ និងទឹក ការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ និងការកសាងឡើងវិញ​ ដែលជាប់គាំងនៅតែបន្តគ្របដណ្ដប់លើជីវិតប្រចាំថ្ងៃ។

នៅទូទាំងទីក្រុងហ្គាហ្សា ប្រជាជនបានតម្រង់ជួរសម្រាប់ការផ្គត់ផ្គង់ទឹក ស្វែងរកទីផ្សារសម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ​ ដែលខ្វះខាត និងបន្តរស់នៅក្នុងជម្រកបណ្តោះអាសន្នក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញដែលជាប់គាំង។

“នៅដើមដំបូង យើងខ្លាចការវាយប្រហារតាមអាកាស” លោក Emad Abu Madlala ដែលបានរស់នៅក្នុងតង់មួយចាប់តាំងពីផ្ទះរបស់លោក​ ត្រូវបានបំផ្លាញក្នុងអំឡុងសង្គ្រាមបានលេីកឡេីង «សព្វថ្ងៃនេះ យើងកំពុងស្វែងរកតម្រូវការចាំបាច់នៃជីវិត។ ការទទួលបានទឹកស្អាត ឬអាហារសាមញ្ញមួយត្រូវការការរង់ចាំរាប់ម៉ោង»។

លោកស្រី Rawya Harara ដែលជាម្តាយដែលមានកូនប្រាំនាក់ មកពីទីក្រុងហ្គាហ្សា ដែលស្វាមីរបស់លោកស្រីត្រូវបានសម្លាប់ក្នុងអំឡុងពេលជម្លោះ បានប្រាប់កាសែតស៊ីនហួថា ការផ្តល់អាហារ និងទឹកសម្រាប់កូនៗរបស់លោកស្រី​ បានក្លាយជាបញ្ហាប្រឈមប្រចាំថ្ងៃដ៏លើសលប់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top