Feature

លោក ត្រាំ ចោទប្រទេសចិនថា បានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់អាមេរិក កាលពីឆ្នាំ២០២០

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការទម្លាយអាថ៌កំបាំងឯកសារផ្លូវការមួយចំនួន ដែលលោកបានអះអាងថា បានបង្ហាញពីការជ្រៀតជ្រែករបស់ប្រទេសចិននៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។ ការលើកឡើងនេះបានធ្វើឱ្យរស់ឡើងវិញនូវការវាយប្រហារដ៏រ៉ាំរ៉ៃរបស់លោកទៅលើសន្តិសុខនៃការបោះឆ្នោត បើទោះបីជាមានការវាយតម្លៃពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលរកមិនឃើញភស្តុតាងណាមួយបញ្ជាក់ថា ទីក្រុងប៉េកាំងបានជះឥទ្ធិពលលើការបោះឆ្នោតឆ្នាំ ២០២០ ដែលលោកបានចាញ់នោះឡើយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ថា ការថ្លែងសុន្ទរកថារយៈពេល ២៥ នាទីចំពេលម៉ោងដែលមានអ្នកទស្សនាច្រើនបំផុត (Prime-time) នេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការធ្វើឱ្យសន្តិសុខនៃការបោះឆ្នោត ក្លាយជាបញ្ហានយោបាយដ៏សំខាន់មួយ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខ ដែលនៅពេលនោះ សមាជិកបក្សសាធារណរដ្ឋដូចជារូបលោក នឹងត្រូវការពារអាសនៈភាគច្រើនដ៏តិចតួចរបស់ពួកគេនៅក្នុងសភា។

លោក ត្រាំ បានប្រើប្រាស់សុន្ទរកថារបស់លោក ដើម្បីដាក់សម្ពាធម្តងទៀតទៅលើសមាជិកបក្សសាធារណរដ្ឋនៅក្នុងសភា ឱ្យអនុម័តច្បាប់ស្តីពីការកំណត់តម្រូវការថ្មីលើអត្តសញ្ញាណប័ណ្ណអ្នកបោះឆ្នោត និងសញ្ជាតិ បើទោះបីជាមានការរកឃើញជាយូរមកហើយថា ករណីបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក គឺជាករណីដ៏កម្រកើតមានក៏ដោយ។ សេចក្តីព្រាងច្បាប់នេះ បានជាប់គាំងនៅក្នុងព្រឹទ្ធសភា ចំពេលមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់សមាជិកបក្សប្រជាធិបតេយ្យ។

លោក ត្រាំ បានមានប្រសាសន៍ថា ឯកសារដែលត្រូវបានទម្លាយអាថ៌កំបាំងទាំងនោះ នឹងលាតត្រដាងពី “ភាពងាយរងគ្រោះដ៏គួរឱ្យតក់ស្លុត នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងការបោះឆ្នោតរបស់យើង”។ ប៉ុន្តែ ឯកសារភាគច្រើនហាក់ដូចជាបង្ហាញពីចំណុចផ្ទុយទៅវិញ ឬក៏មិនមានពាក់ព័ន្ធទាល់តែសោះទៅនឹងរចនាសម្ព័ន្ធគ្រប់គ្រងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា លោកកំពុងធ្វើការទម្លាយអាថ៌កំបាំងព័ត៌មានរសើបមួយចំនួន ដែលបានបង្ហាញថា ប្រទេសចិនបានលួចទទួលបានឯកសារអ្នកបោះឆ្នោតអាមេរិកចំនួន ២២០ លាននាក់ដោយខុសច្បាប់ រួមមានទាំងឈ្មោះ អាសយដ្ឋាន និងទិន្នន័យផ្សេងៗទៀតផងដែរ។

To Top